អ្នកគាំទ្រធូរចិត្ត ពេលនេះ Win ចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីជួបរឿងនេះ
ផ្អើលអ្នកគាំទ្រទាំងយប់ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមពិតជាមានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកគាំទ្រមានការព្រួយបារម្ភនៅមិនសុខ ក្រោយទទួលបានដំណឹងថា តារាសម្ដែងប្រុស Win Metawin បានចូលសម្រាកព្យាបាលជាបន្ទាន់ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ដោយសារតែពុលចំណីអាហារ។
យ៉ាងណាមិញ នៅថ្ងៃទី ២០ ខែកុម្ភៈ គ្រប់គ្នាអាចនឹងធូរចិត្តបាន បើតាមការរាយការណ៍ចេញពីទីភ្នាក់ងារ GMMTV បានជូនជាដំណឹងល្អថា៖ «Win ពេលនេះបានចាកចេញពីមន្ទីរពេទ្យ អនុញ្ញាតឱ្យត្រឡប់ទៅសម្រាកនៅផ្ទះវិញហើយ»។ ក៏ព្រោះថា ករណីរបស់តារាប្រុសរូបនេះ គឺលទ្ធផលធ្វើតេស្តគ្រាន់តែជាការពុលចំណីអាហារ ប៉ុណ្ណោះ មិនមានផលប៉ះពាល់ធ្ងន់នោះទេ។
ប្រភពដដែលបានបន្តថា Win បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយនៅថ្ងៃទី ២០ ខែកុម្ភៈ គ្រូពេទ្យព្យាបាលបានប្រាប់ថា Win បានប្រសើរឡើងច្រើនហើយ ដូច្នេះទើបអនុញ្ញាតឱ្យលោក ទៅផ្ទះវិញ។
ទោះជាយ៉ាងណា ក្រោយពីផុតទុក្ខផុតភ័យហើយ ក៏មានអ្នកគាំទ្រជាច្រើន បែរមកចាប់អារម្មណ៍បញ្ចេញមតិបែបលេងសើច ព្រោះកាលពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ តារាប្រុស Bright បានទៅ Surprise ខួបកំណើត Win ដល់បន្ទប់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យថែមទៀត ផ្តល់ជាកម្លាំងចិត្តបែបនេះ រឿងអីដែរ Win មិនឆាប់ជាសះស្បើយនោះ៕