មានគូដណ្ដឹងជិតរៀបការទៅហើយ ហេង ចន្ថា បង្ហោះសារម្ដងៗដូចមនុស្សកំពុងខកស្នេហ៍
អ្នកស្ថិតក្នុងវិស័យសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រតារាស្រី ហេង ចន្ថា អតីតម្ចាស់មកុដ Miss Grand Cambodia 2016 ភាគច្រើនសុទ្ធតែបានដឹងថា នាងមានគូដណ្ដឹងរួចទៅហើយ ដែលពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះ និង គូដណ្ដឹង បានប្រារព្ធឡើងកាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ។
ដ្បិតថាពិធីភ្ជាប់ពាក្យរបស់ ហេង ចន្ថា ត្រូវបានសារធារជនបានដឹង តែស្រីស្អាតគ្រងមកុដ MGC 2016 រូបនេះ មិនសូវបង្ហាញមុខមាត់អនាគតស្វាមីដូចគូស្នេហ៍អ្នកសិល្បៈផ្សេងទៀតឡើយ។ លុះភ្ជាប់ពាក្យបានជិត ២ ឆ្នាំ ទើប ហេង ចន្ថា ដាច់ចិត្តបង្ហាញមុខមាត់គូដណ្ដឹង តាមរយៈរូបថត Pre-Wedding របស់នាង ដែលគូដណ្ដឹងតារាស្រីរូបនេះ មានរូបរាងស្រស់សង្ហាមិនចាញ់តួកុននោះទេ។
អាចនិយាយបានថា ខ្វះតែមួយជំហានទៀត ហេង ចន្ថា នឹងក្លាយជាស្រ្តីមានស្វាមី បន្ទាប់ពីកាន់ដៃគូដណ្ដឹងក្រាបផ្ទឹមតាមប្រពៃណី តែជារឿយៗ ស្រីស្អាតរូបនេះតែបង្ហោះសារដាក់ Caption ដ្រាម៉ាសេដៗ ប្រៀបដូចមនុស្សកំពុងខកស្នេហ៍។
តួយ៉ាងថ្មីៗនេះ ហេង ចន្ថា បានបង្ហោះថា ៖ «កុលាបក្រហម តែងមានបន្លា រីឯស្នេហាខ្លះក៏មានឧបសគ្គ តែស្នេហាខ្លះមិនមានឧបសគ្គអីសោះ តែនៅទៅមិនដល់ ហើយស្នេហាខ្លះ ពិបាកតស៊ូ ស្រឡាញ់គ្នាស្ទើរស្លាប់បើមិនបានជួបនៅជាមួយគ្នា តែចុងក្រោយក៏ភ្លេចគ្រាលំបាកអស់ បែកគ្នាទាំងមិនអាសូរ ហ៊ឺម ស្នេហ៍អើយ ស្នេហ៍»៕