ស្ពាយឈ្មោះពោះម៉ាយយូរឆ្នាំ ហ្សូណូ ត្រូវអ្នកគាំទ្រតែងផ្គូផ្គងជាគូនឹងតារាស្រី ២ រូបនេះ
មហាជននិយមតាមដានជីវិតសិល្បៈ និង ឯកជនរបស់តារាចម្រៀង ហ្សូណូ តាំងពីបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ រហូតមកដល់បច្ចុប្បន្នច្បាស់ជាបានជ្រាបហើយថា លោក ហ្សូណូ កាលពីប្រមាណជិត ២០ ឆ្នាំមុន ក៏ធ្លាប់មានចំណងស្នេហ៍ និង អតីតពិធីការិនី ចាន់ សុផានី ព្រមទាំងទទួលបានចំណងដៃកូនស្រីមួយរូបថែមទៀត។
យ៉ាងណា ក្រោយពីសាងចំណងស្នេហ៍នឹងអតីតពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ចាន់ សុផានី និង បានចំណងដៃកូនស្រី ១ រូបហើយនោះ អ្នកទាំង ២ ក៏បានបែកបាក់គ្នាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដោយបច្ចុប្បន្នកូនស្រីរបស់លោកមានអាយុប្រមាណ ១៣ ឆ្នាំ និង រស់នៅជាមួយម្តាយផងដែរ ហើយកន្លងមកបើតាមការចុះផ្សាយនានា លោក ហ្សូណូ ក៏មិនដែលមានទំនាក់ទំនងនឹងអតីតភរិយា ព្រមទាំងកូននោះឡើយ។
រំលងទៅផុតទៅជាច្រើនឆ្នាំ រឿងរ៉ាវខាងលើគឺជាអតីតកាលទៅហើយ បើក្រឡេកមកមើលពេលបច្ចុប្បន្នវិញ លោក ហ្សូណូ ក៏មិនដែលបង្ហើបពីចំណងស្នេហ៍ថ្មីនឹងនារីណាម្នាក់នោះឡើយ តាំងពីបែកបាក់នឹងអតីតភរិយាមក ពោលគឺលោក ហ្សូណូ ស្ពាយឈ្មោះជាពោះម៉ាយប្រមាណជិត ១០ ឆ្នាំ មកហើយ។
បើទោះជាធ្លាប់មានអតីតកាលបែកបាក់ក៏ពិតមែន លោក ហ្សូណូ កន្លងមកក៏ធ្លាប់ត្រូវបានមហាជនអ្នកគាំទ្រជាច្រើន បានផ្គូផ្គងលោកនឹងតារាស្រី ២ រូប ក្នុងរង្វង់សិល្បៈ ដោយតារាស្រី ២ រូបនោះមាន ៖
១. អ្នកនាង សុខ ស្រីនាង
ប្រិយមិត្តជាច្រើនបានដឹងមកហើយ លោក ហ្សូណូ និង អ្នកនាង សុខ ស្រីនាង ត្រូវបានអ្នកគាំទ្ររំពឹងចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាតាំងពីអំឡុងលោក ហ្សូណូ និង អ្នកនាង សុខ ស្រីនាង ស្ថិតនៅក្នុងផលិតកម្ម KH រួមគ្នាមកម្ល៉េះ តែកាលនោះ អ្នកនាង សុខ ស្រីនាង ក៏បានរៀបការនឹងលោក ស៊ី សុវត្ថិ និង បែកបាក់គ្នាកាលពីអំឡុងឆ្នាំ ២០១២។ ក្រោយបែកបាក់ស្នេហ៍រៀងៗខ្លួន តារាចម្រៀងប្រុសស្រីទាំងពីរ រូប ក៏បានមកជួបគ្នាជាថ្មីនៅផលិតកម្មរស្មីហង្សមាស ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់ផ្តើមផ្គូផ្គងអ្នកទាំងពីរជាថ្មីដែរ។
២. កញ្ញា មាន សូនីតា
ជាការពិតណាស់ លោក ហ្សូណូ និង មាន សូនីតា ត្រូវបានមហាជនកត់សម្គាល់ថា ក្រៅពីការសម្តែងរួមគ្នា តារាប្រុសស្រីទាំងពីរហាក់មានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងនៅក្រៅកញ្ចក់កាមេរ៉ា។ លើសពីនោះ កន្លងមក លោក ហ្សូណូ ក៏តែងហៅ មាន សូនីតា ថា crush ហើយ តារាស្រីរូបនេះក៏ធ្លាប់សារភាពថា crush លោក ហ្សូណូ វីញដែរ។ ចំណុចនេះហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនសង្ឃឹមថាតារាប្រុសស្រីទាំងពីរអាចនឹងទំនាក់ស្នេហ៍នឹងគ្នាមែន។ យ៉ាងណា នៅក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ឆ្នាំ ២០២២ កន្លងទៅ មាន សូនីតា ក៏បានឱ្យដឹងហើយថា នាងមានម្ចាស់បេះដូងទៅហើយ ដែលបុរសរូបនោះអ្នកគាំទ្រ ក៏ដឹងថាមិនមែនជាលោក ហ្សូណូ នោះទេ៕