មុនរៀបការ ស្វាមីរបស់ Mew ធ្លាប់ផ្ទុះរឿងអាស្រូវស្នេហាជាមួយតារាស្រី ៣ រូប
ជឿជាក់ថាប្រិយមិត្តមួយចំនួនមុខជាបានស្គាល់ច្បាស់បុរសអ្នកជំនួញ ហាយសូរ Saint ដែលជាស្វាមីតារាស្រីលំដាប់ជួរមុខថៃ Mew Nittha។ អ្នកជំនួញដែលមានទ្រព្យសម្បត្តិរាប់លានរូបនេះ បានដឹកដៃតារាស្រី Mew ចូលរោងការនៅឆ្នាំ ២០២០ ហើយទទួលបានចំណងដៃជីវិតគឺកូនស្រីមួយរូបដែលមានឈ្មោះថា Marin។
ហាយសូរ Saint ហាក់ស្រលាញ់ និងយកចិត្តទុកដាក់មើលថែភរិយា និងកូនពុំឱ្យមានទាស់ចិត្តសោះឡើយ ជាពិសេសគឺរូបលោកតែងបណ្តើរគ្រួសារទៅណាមកណា គ្រប់ពេលវេលា ហាក់ឃ្លាតឆ្ងាយមួយជំហានមិនបាននោះឡើយ។ យ៉ាងណាមិញ មុនពេលមកសម្រេចសាងជីវិតគ្រួសារជាមួយតារាស្រី Mew ហាយសូរ Saint Tharaphut ធ្លាប់មានព័ត៌មានអាស្រូវស្នេហាជាមួយតារាស្រី ៣ រូបមានដូចជា៖
១. Noot Niranath
តារាស្រី Noot និងលោក Saint ធ្លាប់ទាក់ទងស្នេហាជាមួយគ្នារយៈពេលខ្លី ដោយធ្លាប់ធ្វើដំណើរកម្សាន្តចេញក្រៅប្រទេសជាមួយគ្នាទៀតផង។ តែចំណងស្នេហារបស់អ្នកទាំង ២ ក៏បានចែកផ្លូវគ្នាដោយស្ងាត់ៗ ហើយក៏ពុំមានការបញ្ជាក់ពីសាមីខ្លួនពីហេតុផលណាមួយច្បាស់លាស់ ដោយគ្រាន់តែត្រលប់មកប្រើជីវិតឯកជនរៀងខ្លួនវិញ។
២. Min Pattarasaya
ក្រោយបែកគ្នាជាមួយតារាបង្ហាញម៉ូត Noot ហាយសូរ Saint ក៏លេចឮព័ត៌មានរសើបជាមួយតារាបង្ហាញម៉ូតម្នាក់ទៀតគឺ Min Pattarasaya ដោយមានការលេចឡើងថានាងជាជនទី ៣ ដែលជាមូលហេតុធ្វើឱ្យគូស្នេហ៍បែកគ្នា។ ប៉ុន្តែដំណឹងនេះក៏ស្ងប់ស្ងាត់ ក្រោយពុំមានភស្តុតាងណាមួយលេចឡើង ហើយតារាស្រីរូបនេះក៏ពុំមានចេញមុខបកស្រាយអ្វីទាំងអស់។
៣. Cris Horwang
ក្រោយស្ងប់ស្ងាត់រឿងអាស្រូវជាមួយតារាបង្ហាញម៉ូតស្រីទាំង ២ លោក Saint បានបង្ហាញទំនាក់ទំនងជាផ្លូវការជាមួយតារាសម្តែងស្រីរូបស្រស់ និយមលេងខ្លួនសិចស៊ី Cris Horwang។ ដោយអំឡុងពេលទាក់ទងគ្នាអ្នកទាំង ២ តែងបណ្តើរគ្នាចេញមុខតាមកម្មវិធីផ្សេងៗជាញឹកញាប់ រហូតលេចឮដំណឹងគ្រោងរៀបការថែមទៀត។ តែទីបំផុតចំណងស្នេហ៍ជាង ២ ឆ្នាំ របស់អ្នកទាំង ២ ត្រូវបានបញ្ចប់ ដោយ Cris ជាអ្នកចេញមុខបញ្ជាក់ថាបេះដូងនាងនៅទំនេរ ហើយពួកគេបានសម្រេចចិត្តដើរផ្លូវរៀងខ្លួនហើយ៕