ឪពុកម្តាយបងប្អូន អ្នកប្រដាល់ជប៉ុនវ័យក្មេង Kota Miura សុទ្ធតែបុគ្គលល្បីឈ្មោះ
ដោយសារតែរូបរាងកាយមាំទាំ ព្រមជាមួយនឹងសម្រស់មុខមាត់ដ៏គួរឱ្យទាក់ទាញ ជាពិសេសស្នាមញញឹមដ៏មានមុនស្នេហ៍ អ្នកប្រដាល់វ័យក្មេង Kota Miura របស់ជប៉ុន បានធ្វើឱ្យមហាជនអ្នកគាំទ្រទាំងអស់នាំគ្នាជ្រួលច្របល់ រំជួលបេះដូង ដោយសារតែសម្រស់គេមិនតិចនោះទេ។
យ៉ាងណាមិញ ក្រៅពីមានមុខមាត់ស្រស់សង្ហាជាទីរំជើបរំជួលរបស់នារីហើយ បើងាកមកមើលប្រវត្តិគ្រួសាររបស់កំលោះរូបនេះវិញ ក៏មិនធម្មតាដែរ។ តាមព័ត៌មានបានឱ្យដឹង គ្រួសាររបស់អ្នកប្រដាល់វ័យក្មេងនេះ ក៏ល្បីខ្លាំងស្រាប់មកហើយដែរ ដោយឪពុករបស់គេ គឺជាកីឡាករបាល់ទាត់ដ៏ល្បីប្រចាំប្រទេស ឈ្មោះ Kazuyoshi Miura ចំណែកឯម្តាយរបស់គេវិញ គឺជាតារាសម្តែង និង តារាម៉ូដែលដ៏ល្បី Risako Miura ហើយលើសពីនេះទៀត គេក៏មានបងប្រុសម្នាក់ឈ្មោះ Ryota Miura ក៏ជាតារាសម្តែងផងដែរ។
យ៉ាងណាមិញ Kota បានចាប់អារម្មណ៍ខាងប្រដាល់តាំងពីតូចមកម៉្លេះ ដោយឧស្សាហ៍មើលការប្រដាល់តាមឪពុក ក្រោយមកខណៈរៀននៅបឋមសិក្សា គេក៏បានចូលរួមរៀនថ្នាក់ប្រដាល់ ហើយហ្វឹកហាត់ជារឿយៗរហូតបានចូលក្នុងក្លឹបប្រដាល់ BRAVE ។
ចុងក្រោយទើបបានឡើងប្រកួតលើកដំបូងកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ដោយបានទទួលជ័យជម្នះ ហើយថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនគួរឱ្យជឿថែមទៀតផង៕