អ្នកមេម៉ាយវ័យក្មេង ៣ រូប ស៊ូបិទបេះដូងរាប់ឆ្នាំមិនព្រមមានស្នេហ៍ថ្មី
ជាការពិតណាស់ នៅក្នុងរង្វង់សិល្បៈកន្លងមកមហាជនអ្នកគាំទ្រជាច្រើនប្រាកដបានឃើញហើយ មានតារាប្រុសស្រីមួយចំនួន បានសម្រេចចិត្តរៀបការសាងគ្រួសារស្របពេលកំពុងល្បី ដោយខ្លះបានបន្តដំណើរអាពាហ៍ពិពាហ៍យ៉ាងមានសុភមង្គល ហើយខ្លះទៀតក៏ត្រូវជួបការបែកបាក់លែងលះគ្នាក៏មាន។
យ៉ាងណា ការលែងលះនោះដែរ គេកត់សម្គាល់ឃើញមានខ្លះក្រោយបែកបាក់អាពាហ៍ពិពាហ៍ទី ១ ក៏បានជួបស្នេហ៍ថ្មី តែខ្លះទៀតក៏ស៊ូស្ពាយឈ្មោះជាពោះម៉ាយ មេម៉ាយរាប់ឆ្នាំ បិទបេះដូងមិនព្រមទទួលនរណានោះឡើយ។
ជាក់ស្តែងក្រឡេកទៅមើលសិល្បការិនីល្បីឈ្មោះ ៣ រូប ខាងក្រោមនេះវិញ បើទោះជាបែកបាក់ចំណងអាពាហ៍ពិពាហ៍លើកទី ១ រាប់ឆ្នាំហើយក្តី តែម្នាក់ៗហាក់មិនអើពើ ឬ លេចឮដំណឹងមានស្នេហ៍ថ្មីឡើយ ដោយសុខចិត្តស្ពាយឈ្មោះជាមេម៉ាយ និង សម្រុកឱបក្រសោបការងារទៅវិញ។
១. តារាចម្រៀង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង បានសម្រេចចិត្តរៀបការនឹងអតីតតារាចម្រៀងរួមទ្រនំក្នុងផលិតកម្ម KH គឺលោក ស៊ី សុវត្ថិ កាលពីអំឡុងខែមីនា ឆ្នាំ ២០១០ ក្រោយសាងចំណងស្នេហ៍ជាសង្សារអស់រយៈពេលជាច្រើនឆ្នាំនោះ។ យ៉ាងណា ក្រោយរៀបការបានប្រមាណជា ១ ឆ្នាំ អ្នកនាង សុខ ស្រីនាង និង អតីតស្វាមីក៏បានលែងលះគ្នាក្នុងឆ្នាំ ២០១១។ គិតមកដល់ពេលនេះរយៈពេលប្រមាណ ១១ ឆ្នាំ ហើយ ដែលអ្នកនាង សុខ ស្រីនាង ហាក់មិនទាន់ទទួលអ្នកថ្មីនៅឡើយនោះ។
២. ពិធីការិនី ណូម័រ
អ្នកនាង ណូម័រ ត្រូវបានគេដឹងថាបានសម្រេចចិត្តចូលរោងការនឹងអ្នកផលិតកម្មវិធីទូរទស្សន៍លោក សុភា កាលពីអំឡុងខែឧសភា ឆ្នាំ ២០១៩។ ក្រោយរៀបការបានរយៈពេល ៥ ខែ ណូម័រ និង អតីតស្វាមី ក៏បានសម្រេចចិត្តលែងលះគ្នាទៅវិញ។ សព្វថ្ងៃ ណូម័រ ហាក់មិនទាន់បង្ហើបពីចំណងស្នេហ៍ថ្មីនោះទេ តែអ្នកនាងកំពុងតែសម្រុកខ្លាំងលើការងារទាំងជាពិធីការិនី តារាសម្តែង និង តារាចម្រៀង។
៣. តារាសម្តែង ស៊ុំ សុម៉ាលី
អ្នកនាង ស៊ុំ សុម៉ាលី បានសម្រេចបញ្ចប់អាជីពសិល្បៈ និង ចូលរោងការតាំងពីអំឡុងឆ្នាំ ២០១៤ មកម្ល៉េះ តែក្រោយមកនៅអំឡុងឆ្នាំ ២០១៩ តារាសម្តែងរូបនេះ ក៏បានទម្លាយពីការរស់នៅមិនចុះសម្រុង និង ឈានដល់ការលែងលះគ្នា ដោយអ្នកនាងរ៉ាប់រងបីបាច់កូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍។ ក្រោយពីលែងលះហើយនោះ អ្នកនាង ស៊ុំ សុម៉ាលី ក៏ហាក់លិបលក្នុងការវិលត្រលប់មកកាន់វិថីសិល្បៈនៅឡើយ និង មិនដែលបង្ហើបថាមានស្នេហ៍ថ្មីនោះដែរ ដោយសព្វថ្ងៃអ្នកនាងមានការមមាញឹកក្នុងអាជីពថ្មីជាអ្នកកែសម្ផស្ស៕