តារាស្រី ២ រូប ស្នងតំណែងជាតារាសម្តែងពីម្តាយ ជោគជ័យខ្លាំង
មហាជននិយមតាមដានវិស័យសិល្បៈជាច្រើនប្រាកដជាបានជ្រាបហើយថា បច្ចុប្បន្នសិល្បករ-ការិនីជាច្រើន បានរីកសុសសាយនៅលើវិថីនេះយ៉ាងព្រោងព្រាត ដោយខ្លះចាប់ផ្តើមចូលប្រឡូកសិល្បៈដោយក្តីស្រឡាញ់ និង ខ្លះទៀតដោយមានតំណឈាមជាអ្នកសិល្បៈផងនោះ។
ជាក់ស្តែង ក្រឡេកមកមើលសិល្បការិនី ២ រូប គឺកញ្ញា អាង សុជាតា និង កញ្ញា កែវ ឡាវីញ ដែលកំពុងតែមានពន្លឺនៃភាពល្បីល្បាញយ៉ាងខ្លាំងលើការសម្តែង ក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងណាស់ដែរពីសំណាក់អ្នកស្នេហាវិស័យខ្សែភាពយន្តនោះ។
លើសពីនោះ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង តារាស្រីវ័យក្មេង ២ រូបនេះ គឺសុទ្ធសឹងតែជាកូនស្រីរបស់តារាសម្តែងល្បីឈ្មោះ គឺអ្នកនាង សឿន ផានផាផួង និង អ្នកនាង កែវ កល្យាណ ជាដើម។
១. កញ្ញា អាង សុជាតា
តារាស្រីវ័យក្មេង អាង សុជាតា ដែលជាកូនស្រីបង្កើតរបស់តារាសម្ដែង សឿន ផានផាភួង ក៏មានសមត្ថភាព និង កេរ្តិ៍ឈ្មោះមិនចាញ់អ្នកម្តាយនោះដែរ ដោយកញ្ញាបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុប្រមាណ ១០ ឆ្នាំ មកម្ល៉េះ។ បច្ចុប្បន្នក្រោយពីបានធំពេញរូបពេញរាងក្លាយជានារីដ៏ស្រស់ស្អាតហើយនោះ នាងកាន់តែមានទីផ្សារក្នុងវិស័យសិល្បៈទាំងការថតស្បតពាណិជ្ជកម្ម និង ទទួលបានតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តជាច្រើនផងដែរ។
២. កញ្ញា កែវ ឡាវីញ
តារាស្រីវ័យក្មេង កែវ ឡាវីញ មានឈាមជ័រអ្នកសិល្បៈជាកូនស្រីរបស់តារាសម្តែងជើងចាស់ កែវ កល្យាណ បានចូលប្រឡូកក្នុងវិស័យសិល្បៈប្រមាណជាង ១ ឆ្នាំ ប៉ុណ្ណោះក្នុងវិស័យខ្សែភាពយន្ត។ តែត្រឹមមួយប៉ព្រិចភ្នែក តារាស្រីវ័យ ២២ ឆ្នាំ រូបនេះ បានឆក់យកប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រ។ លើសពីនោះនៅ កញ្ញា កែវ ឡាវីញ បានបុកទីផ្សារខ្សែភាពយន្តខ្លាំង រហូតធ្វើឱ្យសន្ទុះកេរ្តិ៍ឈ្មោះរបស់នាងឡើងលឿនបំផុត ដូចជាអ្នកម្តាយរបស់កញ្ញា គឺ កែវ កល្យាណ យ៉ាងដូច្នោះ៕