ធ្លាយរឿង Nicholas Tse ជះលុយរាប់លានទាមទារសិទ្ធិចិញ្ចឹមកូន តែត្រូវកូនបោះសម្ដីឱ្យមួយឆ្ងាញ់
ក្រោយពីប្រកាសលែងលះគ្នាតាំងពីឆ្នាំ ២០១១ អតីតប្តីប្រពន្ធតារាចិនហុងកុង Nicholas Tse និង Cecilia Cheung បានបង្ហាញកាយវិការយ៉ាងត្រជាក់ ដោយមិននិយាយពីគ្នាទាំងនៅមុខសារព័ត៌មាន និង លើបណ្ដាញសង្គម។
ទោះជាយ៉ាងណាក៏ដោយ ប្តីប្រពន្ធមួយគូនេះ នៅតែមានទំនួលខុសត្រូវរួមមួយដែលត្រូវទទួលខុសត្រូវ ពោលគឺចិញ្ចឹមកូនប្រុសពីរនាក់ គឺ Lucas និង Quintus។ គួររំឭកផងដែរថា អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ Cecilia Cheung បានទទួលការទទួលខុសត្រូវយ៉ាងសំខាន់ ខណៈដែល Nicholas Tse ត្រូវបានរិះគន់ថា មិនយកចិត្តទុកដាក់ចំពោះកូនទាំងពីររបស់គាត់។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ កន្លងទៅ បើតាមប្រភពចេញពី Sohu បានបង្វែរការចាប់អារម្មណ៍ដោយយករឿងចាស់របស់គ្រួសារតារាល្បីមួយនេះ។ កាលនោះ នៅពាក់កណ្ដាលយប់ Nicholas Tse និង ឪពុកម្ដាយបង្កើតរបស់គាត់ បានទៅកាន់ផ្ទះអតីតភរិយា ហើយបានយកលុយប្រមាណ ៣០០ លានយន់ គោលបំណងចង់ទិញសិទ្ធិចិញ្ចឹមកូនប្រុសច្បងរបស់គាត់ គឺ Lucas។ ក៏ព្រោះតែកូនច្បងរបស់លោករូបនេះ គឺជាចៅប្រុសដែលឪពុកម្ដាយរបស់លោក ស្រឡាញ់ខ្លាំងបានចំណាយពេលច្រើនមើលថែគេតាំងពីកើតមក។
ក្នុងនាមជាកូនគឺជាចំណុចកណ្តាល នៅពេលដែលឪពុកម្ដាយឈ្លោះប្រកែកគ្នា ប៉ុន្តែពាក្យមួយម៉ាត់របស់ Lucas បាននិយាយយ៉ាងចាក់ដោត ធ្វើឱ្យម្ដាយឮហើយមិនអាចទប់ទឹកភ្នែកបាននោះគឺ ៖ «មនុស្សដែលខ្ញុំស្រឡាញ់បំផុតគឺម្ដាយរបស់ខ្ញុំ»។ ចាប់តាំងពីពេលនោះមក Lucas និង Quintus គឺបានរស់នៅខាងម្ដាយជា អ្នកនាង Cecilia Cheung និង បានផ្លាស់ប្តូរទៅរស់នៅក្រុងសៀងហៃ ដើម្បីធ្វើការ និង មើលថែកូនៗរបស់នាង៕