ប្រឡូកសិល្បៈជាង ១០ ឆ្នាំ ឃុនរឿង ជួបព្យុះភ្លៀងរាប់មិនអស់
ភាគច្រើនមហាជនដែលនិយមទស្សនារឿងភាគថៃ ច្បាស់ជាស្គាល់ហើយកំពូលតារាសម្ដែងប្រុសលោក Punjan Prama ដែលជាតារាប្រុសម្នាក់ផ្ទុះប្រជាប្រិយភាពខ្លាំងខណៈធ្លាប់ចូលខ្លួនសម្ដែងក្នុងរឿងភាគដ៏ល្បីមួយរបស់ថៃគឺ «បុព្វេសន្និវាស» កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ។
តារាប្រុសលោក Punjan បានប្រឡូកក្នុងវិស័យសិល្បៈមកអស់រយៈពេលប្រមាណជាង ១០ ឆ្នាំមកហើយ ដោយដំបូងឡើយលោកគឺជាក្រុម Boy Band ក្នុងក្រុមមួយមានឈ្មោះថា Nice 2 meet you។ ប្រឡូកចូលក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ជីវិតហាក់ជួបនឹងព្យុះភ្លៀងជាច្រើនរហូតតារាប្រុសរូបនេះកើតជំងឺបាក់ទឹកចិត្តស្ពាយថ្នាំតាមខ្លួនថែមទៀតផង។
អាចនិយាយថាជាបុណ្យវាសនា បន្ទាប់ពីចូលខ្លួនសម្ដែងជាតួ «ឃុនរឿង» ក្នុងរឿងភាគថៃ «បុព្វសន្និវាស» មក តារាប្រុសរូបនេះហាក់ផ្ទុះការគាំទ្រខ្លាំងរហូតប្រែជីវិតរបស់ខ្លួនឱ្យក្លាយជា Superstar មានឈ្មោះបោះសំឡេងល្បីខ្ទរខ្ទារពេញប្រទេស។ លើសពីនោះ Punjan ក៏ក្ដាប់បានឱកាសការងារយ៉ាងច្រើនផងដែរក្នុងប្រទេស មិនថាពិធីករ ម៉ូដែល និង ជាអ្នកតំណាងផលិតផល តារាប្រុសរូបនេះសុទ្ធសឹងតែធ្លាប់ធ្វើទាំងអស់។
ក្រោយពីមានឈ្មោះបោះសំឡេង និង មានការគាំទ្រពីមហាជនច្រើន បើងាកទៅមើលជីវិតឯកជនរបស់លោក ក៏មិនធម្មតាដែរ។ សព្វថ្ងៃលោកបានទិញ និង សាងសង់ផ្ទះយ៉ាងស្រស់ស្អាត មានឡានទំនើប និង មានលុយចាយរាប់លាន។
ការតស៊ូរបស់តារាប្រុសរូបនេះ បាននាំឱ្យលោកចេញជាផ្លែផ្កាពិតមែនទោះបីជាត្រូវជួបរឿងរ៉ាវជីវិតច្រើនក៏ដោយ។ តួយ៉ាងថ្មីៗនេះ លោកទើបតែបើកបង្ហាញផ្ទះយ៉ាងធំ និង តុបតែងយ៉ាងស្រស់ស្អាត បំពាក់ដោយគ្រឿងសង្ហារិមទំនើបៗដែលមហាជនឃើញហើយអួតសរសើរគ្រប់ៗគ្នា៕