ចចាមអារ៉ាមស្នេហារវាង Lisa និង JungKook ផ្ទុះភ្លាមៗ ក្រោយគេចាប់បានរឿងគួរឱ្យសង្ស័យទាំងនេះ
មួយរយៈក្រោយនេះ Lisa និង Jung Kook ត្រូវបានមហាជនអ្នកគាំទ្រមួយចំនួនបានស្រឡាញ់ចាប់គូចង់ឱ្យតារាទាំងពីរទាក់ទងគ្នាមិនតិចនោះទេ ព្រោះពួកគេសុទ្ធតែជាកូនពៅមកពីក្រុមចម្រៀងល្បីដូចគ្នា ហើយថែមទាំងមានសមត្ថភាព ព្រមជាមួយសម្រស់ស្រស់ទាំងគូ ដែលមើលទៅស័ក្តិសមត្រូវចិត្តតែម្តង។
យ៉ាងណាមិញ ថ្មីៗនេះ ចចាមអារ៉ាមស្នេហារបស់តារាទាំងគូនេះ កំពុងតែផ្ទុះគួរឱ្យចាប់អារម្មណ៍ម្តងទៀតហើយ ដោយសារតែផុសមួយរបស់ Lisa នៅលើបណ្តាញ IG របស់នាង។
ក្នុងនោះ Lisa បានផុសរូបប៉ុន្មានសន្លឹកនៅលើបណ្តាញ របស់ខ្លួនដោយបង្ហាញឱ្យឃើញរូបនាងពាក់អាវដៃវែងពណ៌ខៀវ មានរូបផ្កាទូលីប ជាមួយនឹងខោវែងពណ៌ខ្មៅ។ ស្រាប់តែមហាជននាំគ្នាចាប់អារម្មណ៍ភ្លែត ព្រោះតែអាវមួយនោះ គឺអាវមកពីប្រ៊េនសម្លៀកបំពាក់របស់បងប្រុសបង្កើតរបស់តារាប្រុស JungKook ជាហេតុធ្វើឱ្យគេនាំគ្នានឹកគិតឆ្ងល់ថា តើ Lisa អាចទំនាក់ទំនងអ្វីជាមួយ JungKook ឬយ៉ាងណា ឬក៏វាគ្រាន់តែជាការចៃដន្យនោះ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយ ដែលចចាមអារ៉ាមស្នេហារបស់អ្នកទាំងពីរបានផ្ទុះនោះទេ ពោលការពីឆ្នាំ ២០១៨ គេក៏ចាប់អារម្មណ៍ឃើញអ្នកទាំងពីរឧស្សាហ៍លួចមើលមុខគ្នាជាញឹកជាប់ ខណៈឡើងឆាកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភ័ស្តុតាងផ្សេងៗជាច្រើន របស់អ្នកទាំងពីរក៏គេចាប់បានជារឿយដូចគ្នា ប៉ុន្តែមិនទាន់មានប្រភពណាមួយចេញមុខមកទម្លាយពីទំនាក់ទំនងរបស់ពួកគេនោះទេ៕