BLACKPINK បាត់មុខមិនចេញចម្រៀងយូរ រហូតហ្វេនៗនៅមិនសុខរអ៊ូបែបហួសចិត្តបែបនេះ
បច្ចុប្បន្នក្រុមចម្រៀងនារី BLACKPINK ហាក់កំពុងស្ថិតលើចំណុចកំពូលនៃប្រជាប្រិយភាពក្នុងវិស័យ K-pop តែមួយរយៈក្រោយមកនេះ ក្រុមស្រីស្រស់មួយនេះមើលទៅដូចជាស្ងាត់បាត់ដំណឹងពីការចេញចម្រៀងជាក្រុម ក៏ដូចជាមានការងារផ្សេងៗប្រម៉ូដជាក្រុមតែម្តង ពោលគឺគេឃើញតែសមាជិកនីមួយៗធ្វើការងារសិល្បៈរៀងៗខ្លួនទៅវិញ។
BLACKPINK បានបញ្ចេញអាល់ប៊ុមចម្រៀង THE ALBUM ចុងក្រោយតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ហើយក្នុងខែមករា ឆ្នាំ ២០២១ ពួកគេក៏បានធ្វើការប្រគុំតន្រ្តីអនឡាញ THE SHOW ក្រោយមកទៀត ក្នុងនោះ Lisa បានបញ្ចេញអាល់ប៊ុមចម្រៀងទោល ចំណែក Jisoo បានសម្តែងរឿង Snowdrop ហើយ Jennie និង Rose ក៏រវល់ជាមួយ YouTube Channel របស់ពួកគេ។
ដូច្នេះ បើគិតចុះគិតឡើង វាអស់រយៈពេលជិតមួយឆ្នាំទៅហើយ ដែល BLACKPINK បានបាត់មុខពីវិស័យ k-pop ទើបធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួននៅមិនសុខ ក៏នាំគ្នាកើតការម៉ួម៉ៅ ហើយក៏រអ៊ូទៅតាមអារម្មណ៍របស់ខ្លួន ព្រោះតែនឹកតារាសំណព្វចិត្ត។
ក្នុងនោះមានហ្វេនមួយចំនួនបានរអ៊ូយ៉ាងអស់សំណើចបែបនេះថា BLACKPINK បាត់មុខយូរពេកហើយ តើពួកគេទៅចូលធ្វើទាហានមែនទេ? តើពួកគេចេញមកពីធ្វើទាហានឬនៅ? បើសិនជាពួកគេចូលធ្វើទាហានដូចតារាប្រុសមែន នោះគេសុខចិត្តចាំ តែនេះបាត់ឈឹងមិនឮដំណឹងសោះ។ លើសពីនេះទៀត គេក៏បានដាក់ផាំងៗទៅផលិតកម្ម YG ដូច្នេះដែរថា YG មិនអើពើពីក្រុមនេះទៀតហើយ គួរណាស់តែឱ្យពួកគេចេញចម្រៀងឱ្យបានញឹក ព្រោះពួកគេមិនធ្វើខនសឺតដូចជាលើកមុនឡើយ។
យ៉ាងណាមិញ ជាមួយគ្នានេះក៏មានចចាមអារ៉ាមថា BLACKPINK នឹងអាចបញ្ចេញចម្រៀងថ្មីនៅខែមីនាខាងមុខនេះ ដែលធ្វើឱ្យហ្វេននាំគ្នាសង្កត់មាត់សង្កត់ចិត្តចាំមើលបន្តទៀតផងដែរ៕