ខួបកំណើតវ័យ ២៧ ឆ្នាំ Jisoo ត្រូវកំពូលតារាស្រី Beyoncé ធ្វើរឿងមួយនេះឱ្យ ឡើងហ្វេនស្រឡាំងកាំង
តារាស្រីកំពូលសម្រស់ Jisoo សមាជិកក្រុមចម្រៀងនារី BLACKPINK បានឈានចូលវ័យគម្រប់ ២៧ ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ហើយក្នុងនោះមានមហាជនអ្នកគាំទ្រជាច្រើន បានចូលរួមអបអរជូនពរនាងហ៊ឹកហ៊ាក់ពាសពេញបណ្តាញសង្គម។
ម៉្យាងទៀតក្នុងនោះ សមាជិកក្រុម BLACKPINK នីមួយៗ ក៏ដូចជាតារាចម្រៀងមកពីក្រុមផ្សេងៗក៏បានជូនពរនាងដូចគ្នា។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ សូម្បីតែកំពូលតារាចម្រៀងពិភពលោក Beyoncé ក៏បានឆ្លៀតជូនពរនាងដែរ នេះបញ្ជាក់ថា មានទំនាក់ទំនងល្អជាមួយតារាបរទេស ហើយក៏នាងក៏មានតារាបរទេសទទួលស្គាល់ច្រើនថែមទៀតផង។
ក្នុងនោះ កំពូលតារាស្រី Beyoncé បានផុសជាសារជូនពរជាមួយនឹងរូបភាពកាលពីកុមារភាពរបស់ Jisoo ទៅកាន់នាង នៅក្នុងវេបសាយផ្លូវការរបស់ខ្លួនតែម្តង។ បន្ទាប់ពីបានឃើញ ភ្លាមៗអ្នកគាំទ្រពិតជានាំគ្នាជ្រួលច្របល់មិនតិចនោះទេ មើលទៅហាក់រំភើបញាប់ញ័រជាង Jisoo ម្ចាស់ខួបកំណើតថែមទៀតផង។
យ៉ាងណាមិញ មិនយូរប៉ុន្មាន Jisoo ក៏បានចេញមុខមកផុសជារូបភាពពីក្មេងៗរបស់ខ្លួនថែមទៀតនៅលើបណ្តាញ IG ដើម្បីជាការអរគុណទៅដល់អ្នកគាំទ្រ ក៏ដូចជាជាមិត្តភក្តិផ្សេងៗដែលបានជូនពរនាងក្នុងថ្ងៃពិសេសនេះផងដែរ៕