ផ្ទុះការខមមិនទៀតហើយ ក្រោយ មាស សុខសោភា សុខៗប្រកាសរកកូនប្រសា
ជឿជាក់ថាមហាជនអ្នកគាំទ្រតារាចម្រៀង មាស សុខសោភា ប្រាកដជាមានការភ្ញាក់ផ្អើលជាច្រើនសារមកហើយ កាលពីចុងឆ្នាំ ២០២១ ក្រោយពីរូបភាពរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០០៩ របស់អ្នកនាង និង ស្វាមី ត្រូវបានបែកធ្លាយ។
លើសពីនោះ មិនប៉ុន្មានរូបភាពលក្ខណៈគ្រួសារដោយមានអ្នកនាង មាស សុខសោភា ស្វាមី និង កំលោះរូបសង្ហាមុខកូនកាត់ម្នាក់ត្រូវបានចែករំលែកបន្តទៀត ដោយមហាជនអ្នកគាំទ្របានគិតថា បុរសវ័យក្មេងរូបនោះ គឺជាកូនប្រុសរបស់អ្នកនាង។ យ៉ាងណា ជុំវិញការសង្ស័យនេះ អ្នកនាង មាស សុខសោភា ក៏មិនបានឆ្លើយតបអ្វីនោះឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នេះ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានថតជុំគ្នាកាលពីរាត្រីឆ្លងឆ្នាំ ព្រមទាំងអមសារមួយឃ្លា ធ្វើឱ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនទុកដៃមិនស្ងៀមចូលទៅខមមិនព្រាត។
សារនោះអ្នកនាង មាស សុខសោភា បានសរសេរថា ៖ «តស់! សុំមើលមុខកូនប្រសា ម៉ាក់ភា និង បង ព្រាប សុវត្តិ តិចមក»។ ភ្លាមនោះ អ្នកគាំទ្រជាច្រើន ជាពិសេសនារី ហាក់នៅមិនស្ងៀមបានចូលទៅខមមិនដោយខ្លះ ហៅអ្នកនាង មាស សុខសោភា ម៉ាក់ក្មេក ខ្លះហៅលោក ព្រាប សុវត្ថិ ថាប៉ាក្មេក ក៏មាន ព្រោះអ្នកនាង មាស សុខសោភា ត្រូវបានគេសង្ស័យថាកំលោះរូបសង្ហាមុខកូនកាត់នោះជាកូននាង រីឯលោក ព្រាប សុវត្ថិ វិញ គឺមានកូនប្រុសសង្ហាដល់ទៅ ៣ អ៊ីចឹង អ្នកណាក៏ប្រាថ្នាចង់ធ្វើជាកូនប្រសារតារាទាំង ២ ដួងដែរ៕