ស្នេហ៍មិនប្រែ! អៀ ម៉េងលិ ថាទោះគូស្នេហ៍ប្រែប្រួលចំណុចទាំងនេះខ្លាំងប៉ុណ្ណា នាងនៅតែស្រឡាញ់ខ្លាំង
មហាជនជ្រាបហើយពីជីវិតស្នេហារបស់ តារាសម្ដែងស្រីសាច់សខ្ចី អៀ ម៉េងលិ ដែលតែងបង្អួតរូបភាព និងសារផ្អែមល្ហែមជាមួយគូស្នេហ៍លើបណ្ដាញសង្គមហូរហែ ធ្វើឱ្យហ្វេនៗមិនតិចទេច្រណែននឹងចំណងស្នេហ៍មួយនេះ។
ជាក់ស្ដែងថ្មីៗនេះ តារាស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតជាមួយនឹងចំណងស្នេហារបស់នាង និងគូស្នេហ៍ ដែលឃើញបង្ហាញរូបភាពពីរសន្លឹកប្រៀបធៀបគ្នា ដែលជារូបភាពឱបថើបគ្នាក្នុងរាត្រីឆ្លងឆ្នាំសកល នាឆ្នាំ ២០១៨ និង ឆ្នាំ ២០២២ នេះ។
ដោយឡែក ក្រោយពីបានឃើញរូបភាពនេះហើយ មហាជនភាគច្រើន ហាក់មានការចាប់អារម្មណ៍ខ្លាំងចំពោះរូបរាងគូស្នេហ៍របស់នាង ដែលហាក់មានការប្រែប្រួលរូបរាងមុខមាត់ខ្លាំងខុសពីមុន។ ប៉ុន្តែចំពោះ តារាស្រីរូបនេះ ក៏បានបង្ហាញពីអារម្មណ៍របស់នាងចំពោះគូស្នេហ៍ផងដែរថា ទោះបីជាគូស្នេហ៍របស់នាងមានរូបរាងផ្លាស់ប្ដូរមិនសូវស្រស់សង្ហាដូចកាលពីមុនយ៉ាងណាក៏ដោយ ក៏នាងនៅតែស្រឡាញ់ខ្លាំងផងដែរ។
សារនោះ កញ្ញា អៀ ម៉េងលិ បានសរសេររៀបរាប់ថា ៖ «បងអត់សង្ហាដូចមុនទេ បងអត់ក្មេងដូចមុនទេ មុខបងមានមុន បងធាត់ បងខ្មៅ ហើយបងក៏គ្មានអ្វីដូចមុនដែល តែខ្ញុំនៅតែស្រឡាញ់បង ហើយស្រឡាញ់បងជាងមុនទៀត ពាក្យថាស្រឡាញ់សម្រាប់ខ្ញុំ គឺសំខាន់ណាស់ បើថាស្រឡាញ់អ្នកណាម្នាក់ហើយ ទោះម្នាក់នោះទៅជាអ្វីក៏នៅតែស្រឡាញ់ ព្រោះអនុស្សាវរីយ៍ និង រូបភាពបានដិតជាប់អារម្មណ៍អស់ហើយ តែមនុស្យម្នាក់ៗមានព្រំដែន កុំលើសពេក កុំសាងរឿងដដែលអោយកើតឡើងម្ដងហើយម្ដងទៀត ទោះត្រូវស្លាប់ក៏បោះបង់ចោល ព្រោះមិនអាចឱ្យគេធ្វើដាក់យើងដដែលៗទេ ឱកាសមនុស្សមិនចេះតែមានទេ បើមានហើយចូលថែរក្សា និងអោយតម្លៃ ទើបគង់វង់បានយូរ love u ០១/០១/២០១៨ ០១/០១/២០២២Sakkal»។
ក្រោយពីបានអានសារនេះហើយ អ្នកគាំទ្ររបស់ តារាស្រីរូបនេះ កាន់តែមានការច្រណែន និង រំភើបចិត្តចំពោះចំណងស្នេហាដ៏ផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះផងដែរ៕