ផ្ទុះការខមមិនព្រាត ក្រោយ អៀ ម៉េងលិ ផុសរូបថើបគូស្នេហ៍ ហើយពោលមួយឆ្ងាញ់បែបនេះ
ថ្មីៗនេះ លើបណ្ដាញសង្គមរបស់ តារាស្រីរូបស្រស់ អៀ ម៉េងលិ កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីមហាជនអ្នកគាំទ្រ ក្រោយពីបានឃើញ នាង បង្ហោះសារ និងរូបភាពពីរសន្លឹកប្រៀបធៀបគ្នាជាមួយគូស្នេហ៍ឱបថើបកៀកកើយយ៉ាងផ្អែមល្ហែមមើលកាំជ្រួចជាមួយគ្នានារាត្រីឆ្លងឆ្នាំសកលកាលពីឆ្នាំ ២០១៨ និងឆ្នាំ ២០២២ នេះ។
ជាមួយនឹងការបង្ហាញរូបភាពប្រៀបធៀបនេះ តារាចម្រៀងស្រីរូបនេះ ចង់បង្ហាញពីទំហំក្ដីស្រឡាញ់នៃស្នេហារវាងនាងនឹងគូស្នេហ៍រយៈពេលប៉ុន្មានមកឆ្នាំនេះ បើទោះជាគូស្នេហ៍របស់នាង មានការផ្លាស់ប្ដូររូបរាងឬយ៉ាងណាក៏ដោយ ប៉ុន្តែរូបនាងនៅតែស្រឡាញ់ និង កាន់តែស្រឡាញ់ខ្លាំងថែមទៀតផង។
សារនោះ កញ្ញា អៀ ម៉េងលិ បានសរសេររៀបរាប់ថា ៖ «បងអត់សង្ហាដូចមុនទេ បងអត់ក្មេងដូចមុនទេ មុខបងមានមុន បងធាត់ បងខ្មៅ ហើយបងក៏គ្មានអ្វីដូចមុនដែល តែខ្ញុំនៅតែស្រឡាញ់បង ហើយស្រឡាញ់បងជាងមុនទៀត ពាក្យថាស្រឡាញ់សម្រាប់ខ្ញុំ គឺសំខាន់ណាស់ បើថាស្រឡាញ់អ្នកណាម្នាក់ហើយ ទោះម្នាក់នោះទៅជាអ្វីក៏នៅតែស្រឡាញ់ ព្រោះអនុស្សាវរីយ៍ និង រូបភាពបានដិតជាប់អារម្មណ៍អស់ហើយ តែមនុស្យម្នាក់ៗមានព្រំដែន កុំលើសពេក កុំសាងរឿងដដែលអោយកើតឡើងម្ដងហើយម្ដងទៀត ទោះត្រូវស្លាប់ក៏បោះបង់ចោល ព្រោះមិនអាចឱ្យគេធ្វើដាក់យើងដដែលៗទេ ឱកាសមនុស្សមិនចេះតែមានទេ បើមានហើយចូលថែរក្សា និងអោយតម្លៃ ទើបគង់វង់បានយូរ love u ០១/០១/២០១៨ ០១/០១/២០២២ Sakkal»។
ដោយឡែករូបភាព និងសាររបស់តារាស្រីរូបនេះ កំពុងតែផ្ទុះការចូលខមមិនវែកញែកព្រាតព្រោងពីមហាជនអ្នកលេងបណ្ដាញសង្គម ដោយមតិមួយចំនួនហាក់មានចម្ងល់ ព្រោះកន្លងទៅធ្លាប់លេចឮថាអ្នកទាំងពីរបែកបាក់គ្នា តែបែរជាឃើញផ្អែមល្ហែមនឹងគ្នាបែបនេះវិញ ឯអ្នកខ្លះទៀតចាប់អារម្មណ៍ជាមួយនឹងរូបរាងគូស្នេហ៍របស់នាងហាក់ប្រែប្រួលខ្លាំងផងដែរ៕