ទោះប្រកាសរំសាយមែន តែសមាជិក SWSB ក្រុមតូច នៅសន្យាធ្វើរឿងទាំងនេះបន្តទៀត
មុនឆ្លងឆ្នាំថ្មីមួយថ្ងៃ ពោលនៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រវិស័យចម្រៀង ជាពិសេសអ្នកគាំទ្ររបស់ក្រុមចម្រៀងដ៏ល្បី ក្រុមតូច SmallWorld SmallBand ពិតជាមានការភ្ញាក់ផ្អើល និង សោកស្ដាយយ៉ាងខ្លាំង ខណៈទទួលដំណឹងថា ក្រុមតូច SmallWorld SmallBand ធ្វើការប្រកាសរំសាយក្រុម ក្រោយដំណើរការលើវិថីសិល្បៈអស់រយៈពេល ៩ ឆ្នាំកន្លងទៅ។
ដោយឡែក ទោះបីជា ក្រុមតូច SmallWorld SmallBand ធ្វើការរំសាយក៏ពិតមែន ប៉ុន្តែតាមការជូនដំណឹងនេះ ក៏បានបញ្ជាក់ឱ្យដឹងថា សមាជិកនីមួយៗនៅតែបន្តអាជីពក្នុងវិស័យចម្រៀងនេះរៀងៗខ្លួនដដែល ព្រមទាំងពួកគេក៏បានធ្វើការសន្យាថានឹងបន្តបង្កើតស្នាដៃថ្មីៗបន្ថែមទៀតសម្រាប់អ្នកគាំទ្រផងដែរ។
នេះបើតាមសេចក្ដីជូនដំណឹងលើបណ្ដាញសង្គមរបស់ ក្រុមតូច SmallWorld SmallBand សរសេររៀបរាប់ថា ៖ «ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្បៈ ៩ឆ្នាំ (២០១២-២០២១) របស់ SmallWorld SmallBand ក្រុមតូច ត្រូវបានបញ្ចប់» នៅថ្ងៃនេះហើយ។ យ៉ាងណាមិញ នេះមិនមែនជាទីអវសាន នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។ ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា»៕