ក្រោយផ្ទុះល្បីខ្លាំងក្នុងរឿងថ្មី តារាស្រី Green Ausadaporn ស្រាប់តែទម្លាយអាថ៌កំបាំងមួយនេះឡើង
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ មុខជាបានស្គាល់ច្បាស់ Green Ausadaporn តារាសម្តែងស្រីដែលទទួលបានការគាំទ្រខ្លាំង ជាពិសេសគឺតាមរយៈរឿងចុងក្រោយ «Krachao Seeda (กระเช้าสีดา)» ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
តួអង្គនាង រ៉ាំ ណាំ ដែលសម្តែងដោយ Green បានធ្វើឱ្យមហាជនចាប់អារម្មណ៍ និង កោតសរសើរនាងជាខ្លាំង ដោយនាងសម្តែងជាតួចិត្តអាក្រក់ កាចឆ្នាសឆ្នើមបានយ៉ាងល្អ។ ស្រប់ពេលកំពុងល្បីឈ្មោះខ្លាំង ស្រាប់តែតារាស្រីរូបនេះបានទម្លាយរឿងអាថ៌កំបាំងមួយដែលនាំឱ្យនាងបានបោះជំហានចូលប្រឡុកក្នុងវិស័យសិល្បៈនេះ។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មាន តារាស្រី Green ធ្លាប់បានសារភាពឱ្យដឹងថា ៖ «នាងពុំដែលនឹកគិតថាខ្លួនអាចដើរមកដល់ចំណុចនេះឡើយ! ដំបូងៗពេលមកប្រឡងនៅក្រុមហ៊ុន AF ព្រោះតែនាងចង់បានរបស់ Free ដែលមានដូចជារង្វាន់ ប្រាក់លើកទឹកចិត្ត របស់ញ៉ាំ និង កាដូផ្សេងៗតែប៉ុណ្ណោះ។ មិនដែលនឹកគិតសោះថាខ្លួនឯងអាចបោះជំហានចូលវិស័យសម្តែង អាចរកប្រាក់ដើម្បីចិញ្ចឹមក្រុមគ្រួសារ ហើយរឹតតែមិនធ្លាប់គិតថាអាចនឹងក្លាយជាតារា ដែលមានការគាំទ្រពីសំណាក់មហាជន»។
Green បន្ថែមថា ៖ «ពេលដែលនាងត្រូវបានគេផ្តល់ឱកាសឱ្យចូលសម្តែងដំបូង នាងគឺមិនជឿជាក់ខ្លួនឯងនោះទេ តែក្រោយៗមកក៏មានការលើកទឹកចិត្ត ហើយមានអ្នកគាំទ្រថា នាងធ្វើបាន នាងលេងបាន សម្តែងបានល្អទៀតផង ដែលនេះជាកម្លាំងចិត្ត។ ហើយនាងសារភាពថាមានពេលខ្លះ ធ្លាប់ឈ្លោះហើយវាយខ្លួនឯង សួរខ្លួនឯងថា ខ្លួនឯងមានក្តីស្រម៉ៃអ្វី ចង់ធ្វើអ្វី ទិសដៅបែបណា តែក៏រកចម្លើយមិនឃើញ។ អ្វីដែលដឹងគឺចង់ធ្វើអ្វីក៏បានឱ្យតែមានប្រាក់គ្រប់គ្រាន់ អាចចិញ្ចឹមក្រុមគ្រួសារ អាចឱ្យគ្រួសារមានជីវភាពសមស្រប ហើយក្រោយពីបានចូលវិស័យសម្តែង នាងក៏អាចនិយាយបានថា អាជីពនេះហើយអាចជាចម្លើយ អាចជាអ្វីដែលនាងស្រឡាញ់ នាងចង់ធ្វើ ហើយនឹងធ្វើឱ្យអស់ពីសមត្ថភាព»៕
ប្រភព៖ Sanook