(វីដេអូ) ក្ដៅទៀតហើយ! Pat Napapa កំពុងប្រមូលភស្តុតាងត្រៀមប្ដឹងអ្នកខមមិនថា នាងមានកូនមុនការ
កាលពីពេលថ្មីៗ កន្លងទៅនេះ តារាសម្ដែងស្រី Pat Napapa បានចេញមកបង្ហោះវីដេអូរបស់ខ្លួនខណៈដែលទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ។ ជាមួយនឹងវីដេអូនោះបានធ្វើឱ្យមហាជនមួយចំនួនធំយល់ច្រឡំថានាងមានផ្ទៃពោះ ខណៈទើបតែប្រកាសទាក់ទងគ្នាជាមួយនឹងប៉ូលិសរូបសង្ហា លោក Nine Napat ។
ក្នុងនោះ ដែលបន្ទាប់ពីផ្ទុះរឿងថានាងមានផ្ទៃពោះមក កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្នុងកម្មវិធីជជែកកម្សាន្តមួយ តារាស្រី Pat ក៏បានចេញមកនិយាយច្បាស់ផងដែរថា នាងពុំមានផ្ទៃពោះអ្វីឡើយ។ Pat Napapa បានបញ្ជាក់ច្បាស់ៗថា កាលដែលនាងទៅមន្ទីរពេទ្យនោះ គឺនាងទៅពិនិត្យ និង ពិគ្រោះពីបញ្ហាសុខភាពធម្មតា ដោយហេតុអស់រយៈពេល ៥ ឆ្នាំមកហើយ ដែលនាងពុំបានទៅពិនិត្យនោះ ដូច្នេះនាងក៏ទៅពិនិត្យម្តង ព្រោះបញ្ហាសុខភាពពិតជាសំខាន់ណាស់។
តារាស្រីរូបនេះបានបន្តថា រីឯការដែលនាង ពិនិត្យស្បូននោះមិនមកពីនាងមានកូននោះទេ មូលហេតុគឺនាងបាននិយាយជាមួយកូនប្រុសរបស់នាង ដោយកូនប្រុសនាងថា គេចង់បានប្អូនម្នាក់ទៀត ដូចនេះខណៈដែលទៅត្រួតសុខភាពហើយនាងក៏ឱ្យគ្រូពេទ្យពិនិត្យតែម្ដងទៅ ណាមួយនាងមានបញ្ហារដូវមកមិនទៀងផង ហើយនាងក៏ចង់ដឹងផងដែរថា តើនាងអាចមានកូនទៀតដែរឬយ៉ាងណា ព្រោះថ្ងៃអនាគតបើនាងមានប្ដី នាងក៏ត្រូវមានកូនទៀតដូចក៏សម្រេចចិត្តត្រួតដើម្បីអស់សង្ស័យ។
ក្នុងនោះដែរ ក្រោយពីវីដេអូនោះបង្ហោះឡើងទៅ នាងមិននឹកស្មានថាមហាជនយល់ច្រឡំដាក់នាង ថែមទាំងអ្នកខ្លះពោលពាក្យមើលងាយ ខមមិនអសុរោះចំពោះនាងបែបនោះឡើយ។
លើសពីនោះ តារាស្រី Pat ក៏បានបន្តថា ពេលនេះនាងកំពុងតែប្រមូលភស្តុតាងផ្សេងៗ រាល់អ្នកខមមិនមើលងាយដល់រូបនាង ហើយត្រៀមប្ដឹងឱ្យដឹងសខ្មៅកុំឱ្យចេះតែមានមាត់ មានដៃសរសេរ និយាយខមមិនដាក់អ្នកដទៃបាននោះ។ ការដែលនាងធ្វើនេះ ក៏ព្រោះតែនាងចង់ការពារសិទ្ធិខ្លួនឯង មិនចង់ឱ្យអ្នកណាមើលងាយបានតាមចិត្តនោះទេ។
Pat បន្តទៀតថា អ្នកខ្លះមើលវីដអូមិនទាន់ចប់បែរជានិយាយបាត់ទៅហើយ មានអ្នកខ្លះដៀលនាងថាស្រីមិនល្អ ទើបតែទាក់ទងគ្នាសោះពេលនេះមានកូនបាត់។ ជុំវិញបញ្ហានេះនាង លែងទ្រាំតទៅទៀត ហើយក៏លែងទទួលនូវពាក្យសុំអភ័យទោសទៀតដែរ ដើម្បីឱ្យបុគ្គលអស់នោះរាងចាលកុំចេះតែសរសេរខមមិនអ្វីផ្តេសផ្ដាស់នៅលើបណ្ដាញសង្គម៕