វ៉ាន់ នីឡា ស្រាប់តែទម្លាយឈែត សុគន្ធ នីសា ផ្ញើមកខ្លួនបែបនេះ មុនចេញបទថ្មី ៦ ថ្ងៃ
ការឈានជើងជាថ្មីក្នុងវិថីសិល្បៈរបស់ តារាចម្រៀងរូបស្រស់ វ៉ាន់ នីឡា ក្រោយពីឃ្លាតឆ្ងាយជាច្រើនឆ្នាំនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើប និង កំពុងរងចាំគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹងដល់រូបនាងគ្រប់គ្នា។
យ៉ាងណាមិញ បន្ទាប់ពីប្រកាសវិលចូលសិល្បៈវិញ ពេលនេះ តារាចម្រៀងស្រីរូបនេះ ក៏កំពុងចាប់ផ្ដើមវាយលុកកាន់តែខ្លាំងលើអាជីពចម្រៀងរបស់ខ្លួន ដែលឃើញនាងលេចមុខលើឆាកប្រគំតន្ត្រីផ្សេងៗ ជាពិសេសនោះ គឺថ្មីៗនេះ នាងបានចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួន ជាបទដំបូងស្វាគមន៍នៃការប្រឡូកចូលវិស័យនេះវិញ ព្រមទាំងត្រៀមបង្កើតស្នាដៃថ្មីៗបន្តទៀតសម្រាប់អ្នកគាំទ្រផងដែរ។
ដោយឡែក ក្រោយពីចេញបទចម្រៀងលើកដំបូងហើយ ស្រាប់តែ កញ្ញា វ៉ាន់ នីឡា ក៏បានធ្វើការទម្លាយឱ្យដឹងថា មិនមែនមានតែមហាជនអ្នកគាំទ្រទេ ដែលនៅចាំជួយគាំទ្រលើកទឹកចិត្តដល់រូបនាង គឺសូម្បីតែសិល្បកររៀមច្បងក៏នៅស្រឡាញ់ និង ចង់ឱ្យនាងចាប់ផ្ដើមឡើងវិញក្នុងវិស័យនេះដែរ។
ក្នុងនោះ កញ្ញា បានបញ្ចេញរូបភាពសាររបស់តារាចម្រៀងរៀមច្បង អ្នកនាង សុគន្ធ នីសា ដែលបានផ្ញើទៅនាងផ្ទាល់ជួយលើកទឹកចិត្តដល់រូបនាង ក្រោយពីបានដឹងថានាងវិលត្រឡប់មកកាន់សង្គមសិល្បះវិញម្ដងទៀត។
ជាមួយគ្នានោះដែរ វ៉ាន់ នីឡា ក៏បានពោលពាក្យចេញពីចិត្តធ្វើការអរគុណទៅកាន់ អ្នកនាង សុគន្ធ នីសា ផងដែរថា ៖ «ចែនៅតែជាមនុស្សល្អ នឹងជាមនុស្សដែលខ្ញុំគោរពជារៀងរហូត អគុណដែលតែផ្តល់កម្លាំងចិត្តឱ្យខ្ញុំពីចម្ងាយ នេះគឺជាសារដែលគាត់ឆាតមកខ្ញុំ មុនខ្ញុំចេញបទចម្រៀងរបស់ខ្ញុំ ៦ ថ្ងៃ»៕