បង្ហាញមុខតារាប្រុសស្រី ៤ រូប ទៅចាយជីវិតយ៉ាងហាយសូរ ត្រៀមឆ្លងឆ្នាំនៅក្រៅប្រទេស
ជាការពិតណាស់ នេះមិនមែនជារឿងប្លែកអ្វីនោះឡើយសម្រាប់សិល្បករ-ការិនី មួយចំនួន ដែលតែងចំណាយពេលវេលាក្នុងការធ្វើដំណើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេស រាល់ពេលហត់នឿយ និង សម្រាកពីការងាររបស់ខ្លួន ជាពិសេសនោះគឺក្នុងឱកាសបុណ្យទានម្តងៗនោះ។
ជាក់ស្តែង ក្រឡេកទៅមើលតារាប្រុសស្រី ៤ រូប ខាងក្រោមនេះ ជារឿយៗបើទោះជាអ្នកទាំង ៤ ធ្លាប់បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាច្រើនលើកហើយ តែក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ ២០២១ ឆ្លងចូល ២០២២ ខាងមុខនេះ តារាប្រុសស្រីទាំង ៤ ក៏បានហោះឆ្លងទៅក្រៅប្រទេសចាយជីវិតហាយសូរ ក្រោយធ្វើការពេញមួយឆ្នាំក្នុងស្រុក។
១. លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ បានធ្វើដំណើរទៅកាន់ប្រទេសបារាំង កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្នុងគោលបំណងទៅសួរសុខទុក្ខ និង មើលថែអ្នកម្តាយកំពុងមានជំងឺ។ ការធ្វើដំណើរទៅកាន់ប្រទេសបារាំងនេះដែរ តារាប្រុសរូបនេះក៏បានឱ្យដឹងថាក៏ជាគម្រោងក្នុងការធ្វើដំណើរកម្សាន្ត ក្រោយលោកខកខានចេញក្រៅប្រទេសជាច្រើនឆ្នាំហើយនោះ។
២. កញ្ញា រ៉េត សារីតា
Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានចាកចេញទៅកាន់ប្រទេសបារាំងកាលពីពេលថ្មីៗនេះ ដោយមិនបានជម្រាបថានាងទៅក្នុងការធ្វើដំណើរកម្សាន្ត ឬ ការងារនោះឡើយ។ យ៉ាងណា ក្រោយពេលទៅដល់ទីដីប្រទេសបារាំង តារាស្រីស្រអែមស្រស់រូបនេះក៏កំពុងចាយជីវិតដើរលេងយ៉ាងរីករាយនៅទីនោះដែរ។
៣. កញ្ញា មាន សូនីតា
រាជិនីក្រមា មាន សូនីតា បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។ គ្រាន់តែទៅដល់ទឹកដីបារាំងភ្លាម តារាស្រីរូបនេះបានចាយជីវិតយ៉ាងហាយសូរក្នុងការដើរកម្សាន្ត និង ទិញទំនិញប្រ៊េនល្បីជាច្រើន។
៤. លោក វី យ៉ារ៉ូ
ក្រោយពីប្រកាសផ្អាកការងារមួយរយៈ ដើម្បីចំណាយពេលសម្រាប់ខ្លួនឯងក្រោយប្រកាសមានជំងឺបាក់ទឹកចិត្តហើយនោះ លោក វី យ៉ារ៉ូ ក៏កំពុងតែចាយស្នាមញញឹមយ៉ាងរីករាយត្រៀមស្វាគមន៍ឆ្នាំថ្មី នៅឯទឹកដីសហរដ្ឋអាមេរិកផងដែរ៕