គ្រាន់តែ ថមមី បង្ហោះសារមានអ្នកសួរថា «ខំម៉េស» ពេជ្រ សោភា នៅមិនសុខ ដាក់ផាំងបែបនេះភ្លាម
ប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយពីជីវិតគ្រួសារតារាចម្រៀង សួស វីហ្សា និង លោក ថមមី ដែលក្រៅពីអាជីពសិល្បៈ ប្ដីប្រពន្ធអ្នកទាំងពីរក៏មានមុខជំនួញកាន់ពេញដៃ អាចនិយាយថាជាគូស្នេហ៍អ្នកជំនួញដែលជោគជ័យ មានលុយ មានផ្ទះ មានឡាន រស់នៅបែបអភិជនមិនសូវជាខ្វះអ្វីនោះទេ។ តែទន្ទឹមនឹងក្ដាប់ការងារមុខជំនួញធំៗនៅខាងក្រៅ ថមមី ក៏តែងបំពេញកាតព្វកិច្ចជាស្វាមីល្អ ជួយ Live លក់កាបូបប្រពន្ធ គូរមុខគូរមាត់ ធ្វើតួកំប្លែង ដើម្បីទាញប្រជាប្រិយភាពពីមហាជនកាន់តែច្រើន។
ដោយសារ ថមមី ប្រឹងប្រែងរកលុយទាំងយប់ទាំងថ្ងៃ លោកបានទម្លាយសារមួយ ខណៈមានអ្នកសួរលោកជាច្រើនថា ៖ «មានគេសួរខ្ញុំច្រើនណាស់ ពួកឯង ២ នាក់នឹងខំម៉េស អត់ហត់ទេអី ប្រឹងអីប្រឹងយ៉ាងនេះ ខ្ញុំក៏តបទៅសំណួរគាត់ថា បើមិនប្រឹងទេខ្ញុំអត់មានបាយហូបទេ ហើយក៏អត់មានបាយឱ្យកូនចៅខ្ញុំ គ្រួសារខ្ញុំហូបដែរបងអើយ ប្រឹងបានចេះតែខំទៅបង ព្រោះបើទំនេរពេកអាចធ្វើឱ្យមនុស្សខ្ជិលបាន ជីវិតកម្មករលុយ»។
ក្រោយ ថមមី បង្ហោះសារចាក់ដោតខាងលើតាមរយៈគណនីហ្វេសប៊ុកមិនយូរប៉ុន្មាន ស្រាប់តែគេឃើញកំពូលតារាចម្រៀង ពេជ្រ សោភា បានស៊ែរផុសនោះ ហើយត្អូញត្អែរបន្តពី ថមមី ថា ៖ «ចាក់ចំបេះដូងបាត់ ចង់ប្រាប់ថាអ្នកមានលុយមិនដែលបានសម្រាកទេ គេខំណាស់ តែសួរមើល បើមិនខំគ្រួសារពួកយើងបានបាយណាហូប រាល់ថ្ងៃក្រណាស់បងអើយ គិតរឿងលុយរហូត»៕