ចប់បេសកកម្ម ងិន ម៉ារ៉ាឌី ត្រឡប់មកដល់កម្ពុជាភ្លាម ត្រូវអ្នកគាំទ្រស្វាគមន៍យ៉ាងកក់ក្ដៅ
បេសកកម្មក្នុងការប្រឡងប្រជែងដណ្ដើមមកុដជូនប្រទេសមាតុភូមិរបស់បវរកញ្ញាចក្រវាល ងិន ម៉ារ៉ាឌី Miss Grand Cambodia 2021 នៅប្រទេសអ៊ីស្រ្តាអែល បានបញ្ចប់រួចរាល់ហើយ បើទោះបីជានាងមិនទទួលបានជ័យជម្នះត្រឡប់មកប្រទេសវិញក៏ដោយ តែ ម៉ារ៉ាឌី បានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការបង្ហាញវប្បធម៌ អរិយធម៌ដែលជារបស់ខ្មែរយើងឱ្យពិភពលោកបានស្គាល់។
មិនអាចឈ្នះមកុដ តែ ម៉ារ៉ាឌី បានឈ្នះចិត្តអ្នកគាំទ្រស្ទើរពេញប្រទេស ដោយនៅរាត្រីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ម៉ារ៉ាឌី បានបង្ហោះសារស្ដែងពីការវិលត្រឡប់មកដល់ទឹកដីកំណើរប្រកបដោយសុវត្ថិភាព។ ក្នុងនោះគេឃើញពុកម៉ែ បងប្អូន និង អ្នកគាំទ្រជាច្រើន បានទៅទទួលការស្វាគមន៍ផ្ដល់កម្លាំងចិត្តដល់ Miss Grand Cambodia 2021 រូបនេះ ដល់ព្រលានយន្តហោះតែម្ដង ព្រមជាមួយអំណោយលើកទឹកចិត្តដល់នាងជាច្រើន។
ម៉ារ៉ាឌី រំភើបចិត្តយ៉ាងខ្លាំង ដោយនាងបានលើកឡើងថា ៖ «នាងខ្ញុំពិតជារំភើបជាខ្លាំង និងសប្បាយរីករាយរកអ្វីមកនិយាយមិនបាន ដោយបានឃើញទឹកចិត្តស្រឡាញ់គាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅលើរូបនាងខ្ញុំ។ វាប្រៀបដូចជាសុបិន ដែលជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ ក្តីសុបិនរបស់នាងខ្ញុំបានក្លាយជាការពិត ដែលនាងខ្ញុំបានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ»៕