ផ្ទុះការភ្ញាក់ផ្អើលជាថ្មី គណនីហ្វេសប៊ុកមួយ ទម្លាយរឿង សឿ សុធារ៉ា ជំពាក់លុយមិនសង ឆាតមិនខ្ចីតប
អាចថានេះមិនមែនជារឿងថ្មីថ្មោងទេដែលមហាជនបានឮដំណឹងតារាសម្ដែងស្រីដ៏ឈ្មោះ សឿ សុធារ៉ា កំពុងវ័ណករឿងបំណុលតុងទីន និង បំណុលផ្សេងទៀត ដោយកន្លងមកគេឃើញម្ចាស់បំណុលបង្ហោះសារពេញបណ្ដាញសង្គមហ្វេសប៊ុក ទម្លាយពីរឿងអាស្រូវខ្ចីលុយមិនសងនេះ ពេញទឹកពេញដី ក្នុងនោះរួមមានតារាសម្ដែង សូ ដានីតា ជាដើម តែទោះបីជាត្រូវគេយកឈ្មោះនៅហែកជាសាធារណៈយ៉ាងណា ក៏ សឿ សុធារ៉ា មិនចេញមុខបកស្រាយដែរ។
រឿងរ៉ាវអាស្រូវលុយកាក់មួយនេះ ហាក់នៅតែមិនទាន់រកច្រកចេញបាននៅឡើយ ដោយនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Zhou LingLing បានបង្ហោះសារក្ដៅគគុកថ្មីមួយទៀតទៅកាន់ សឿ សុធារ៉ា ទាក់ទងនឹងរឿងជំពាក់លុយថា ៖ «ជួយគិតគូរលុយឱ្យខ្ញុំផង ឆាតក៏មិនតបជាតារាល្បីតែលក់ឈ្មោះខ្លួនឯងចឹងបង លុយតិចសោះសងខ្ញុំមួយខែតិចក៏បាន តែឆាតមិនចូលមើលទៀត បងជាអាយដលរបស់ខ្ញុំមិនគួរណាបងចរឹតចឹងសោះ»។
តាមការបញ្ជាក់បន្ថែមរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនៅក្នុងខំមិនបានឱ្យដឹងថា បញ្ហាលុយកាក់នេះ គឺកើតឡើងដោយសាររឿងលុយតុងទីន ដែលតារាស្រីរូបនេះមិនព្រមទូទាត់ឱ្យ ធ្វើឱ្យម្ចាស់គណនីខាងលើខឹង ព្រោះឆាតមិនតប និង មិនខ្ចីចូលមើល៕