(វីដេអូ) អ្នកគាំទ្ររំជួលចិត្ត! Phus ឆ្លើយទាំងអួល ពេលគេសួរថា កាលណាបានសម្រេចចិត្តយកកូន
អស់រយៈ ៣ ឆ្នាំមកហើយ ដែលកំពូលតារាសម្ដែងរូបសង្ហាលោក Push និង តារាស្រី Jooy Warattaya បានចាប់ដៃគ្នាសាងជីវិតគ្រួសារថ្មី។ អំឡុងពេលកាន់ដៃគ្នាជាប្ដីប្រពន្ធមកអស់ ៣ ឆ្នាំនេះគេសង្កេតឃើញថាគ្រួសារតារាមួយគូនេះតែងមានភាពផ្អែមល្ហែមគ្នាមិនសូវដាច់ឡើយ។
យ៉ាងណាមិញ ទោះបីជីវិតគូរបស់ពួកគេមានក្ដីសុខក៏ពិតមែន តែតារាប្រុសស្រីមួយគូនេះហាក់ខ្វះកូនជាចំណងដៃ ដែលបញ្ហានេះបានធ្វើឱ្យតារាប្រុស Push និង Jooy មានក្ដីកង្វល់ខ្លះៗដែរ ពីព្រោះថាចាប់ដៃគ្នាមកជាច្រើនឆ្នាំទៅហើយ តែពួកគេហាក់ពុំទាន់មានដំណឹងល្អថាអាចមានកូននោះឡើយ។
ថ្លែងលើបទសម្ភាសកាលពីពេលកន្លងទៅ DJ Push ពិតធ្វើឱ្យមហាជនអ្នកគាំទ្រកើតក្ដីអាណិតគ្រប់គ្នា បន្ទាប់ពីតារាប្រុសរូបនេះបាននិយាយពាក់ពន្ធនឹងរឿងចង់បានកូនថា ទោះបីជាបច្ចុប្បន្ន ប្ដីប្រពន្ធរបស់ពួកគេមានរស់នៅមានក្ដីសុខ និង ភាពផ្អែមល្ហែមគ្នាខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេនៅតែមានអារម្មណ៍ថាឯកា និង មានសម្ពាធខ្លះៗដែរ ពីព្រោះជារឿងៗលោក និង ប្រពន្ធត្រូវជួបសំណួរដែលគេសួរថា តើពេលណាបានសម្រេចចិត្តយកកូន?
សំណួរដដែលបានកើតឡើងមករហូត ទាំងដែលលោក និង ប្រពន្ធចង់បានស្ទើរតែស្លាប់ តែហាក់ពុំទាន់ឃើញមានផលឡើយ។ បន្ថែមលើសពីនេះ តារាប្រុសរូបនេះក៏បាននិយាយថា ប្រសិនបើលោកអាចមានកូនពិតមែននោះ គឺជាកាដូដ៏អស្ចារ្យដែលទេវតាប្រទានឱ្យលោកហើយ។
DJ Phus បានបន្តទៀតថា បច្ចុប្បន្ន ភរិយារបស់លោកកំពុងតែស្ថិតនៅក្នុងការតាមដានសុខភាពពីគ្រូពេទ្យជំនាញ ហើយលោកក៏សង្ឃឹមថាឆាប់ៗលោកនឹងអាចមានកូនដូចគេ តែប្រសិនបើលោកគ្មានលទ្ធភាពមានកូនទេ លោកនឹងភរិយា ក៏នឹងប្រើប្រាស់សេចក្ដីសុខដែលកើតចេញពីបេះដូងបរិសុទ្ធរបស់អ្នកទាំងពីរដើរលេងទៅទីណាដែលលោក និង ប្រពន្ធចង់ទៅ ដើម្បីបង្កើតក្ដីសុខថ្មីៗ។
លើសពីនោះ តារាប្រុស Phus ក៏បានបន្ថែមថា សម្រាប់ Jooy ប្រពន្ធលោក ក៏នាងមានអារម្មណ៍តូចចិត្តខ្លះដែរ តែយ៉ាងណាសម្រាប់លោកជាប្ដីគឺតែងតែលួងលោម និង អាណិតប្រពន្ធ ពីព្រោះថាហេតុតែចង់បានកូននាងព្យាយាមធ្វើគ្រប់យ៉ាងរាល់មនុស្សចាស់រៀមច្បងណែនាំ នាងតែធ្វើស្ទើរតែគ្រប់វិធីទៅហើយ។ សម្រាប់លោកទោះបីមានកូន ឬ មិនមានតែក្ដីស្នេហ៍លោកមានចំពោះប្រពន្ធ គឺមិនប្រែប្រួលឡើយស៊ូរស់នៅតែពីរនាក់ក៏បាន តែយ៉ាងណាលោកនៅតែមានក្ដីសង្ឃឹមថា Jooy នៅតែអាចមានកូនបាន៕