ម្ដាយមរណភាពជាង ១ ឆ្នាំហើយ ទឹម រដ្ឋា មិនទាន់កាត់ចិត្តបាន ត្អូញនឹករឭកគ្រប់ពេល
គិតមកដល់ពេលនេះ តារាសម្ដែង ទឹម រដ្ឋា លែងមានម្ដាយហៅនឹងគេតទៅទៀតរយៈពេលជាង ១ ឆ្នាំហើយ ដោយម្ដាយតារាស្រីរូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ ធ្វើឱ្យ ទឹម រដ្ឋា និង គ្រួសារ ព្រមទាំងមិត្តភក្ដិទាំងក្នុង និងក្រៅរង្វង់សិល្បៈ មានក្ដីអាឡោះអាល័យចំពោះការលាចាកលោកគ្មានថ្ងៃវិលត្រឡប់របស់ម្ដាយតារាស្រីរូបនេះជាខ្លាំង។
យ៉ាងណាមិញ ទោះបីមកដល់ពេលនេះមានរយៈពេលជាង ១ ឆ្នាំហើយដែលម្ដាយបានទទួលមរណភាព ប៉ុន្ដែជារឿយៗ ទឹម រដ្ឋា តែងបង្ហោះសារសោកសៅ ត្អូញត្អែរនឹករឭកដល់អ្នកមានគុណជាទីស្រឡាញ់ជាពន់ពេក ដែលនេះស្ដែងឱ្យឃើញថានាងនៅតែមិនទាន់អាចធ្វើចិត្តទទួលយកការពិតបាននៅឡើយ។
រំឭកដល់ភាពក្រៀមក្រំនឹកដល់ម្ដាយ ថ្មីៗនេះ ទឹម រដ្ឋា បានទម្លាយសារបង្ហាញពីទំហំចិត្ត និង ក្ដីស្រឡាញ់ដែលខ្លួនធ្លាប់ទទួលបានពីម្ដាយកាលលោកនៅរស់ថា ៖ «ថ្ងៃនេះមានអារម្មណ៍ថា នឹកម្ចាស់ជីវិតខ្លាំងណាស់ Pan RaNy ចង់ប៉ះ ចង់ឱប ចង់ស្រង់ក្លិនម៉ាក់ដូចរាល់ដងដែលកូនបានធ្វើ តែមិនអាច រូបម៉ាក់នៅក្នុងបេះដូង និងនៅលើ Screen ទូរស័ព្ទ កូនជារៀងរហូត»៕