មុនល្បីឈ្មោះ Jeon So Yeon ជួបបរាជ័យដួលងើបៗសឹងស្ពឹក ជាង ៣០ ដង
ប្រិយមិត្តដែលនិយមតាមដានវិស័យ K-POP មុខជាបានស្គាល់ច្បាស់តារាចម្រៀងរ៉េប Jeon Soyeon ដែលជាមេក្រុម (G) I-DLE ដ៏មានប្រជាប្រិយភាពមួយប្រចាំកូរ៉េខាងត្បូង។ តារាចម្រៀងរ៉េបស្រីរូបនេះ មិនត្រឹមតែចេះច្រៀងរ៉េបយ៉ាងប៉ិនប្រសប់នោះទេ នាងក៏ជាអ្នកសរសេរទំនុកច្រៀង និង បទភ្លេងមួយរូបផងដែរ ដោយភាគច្រើនបទចម្រៀងរបស់ក្រុម (G) I-DLE ស្ទើរតែទាំងអស់គឺសុទ្ធសឹងជាស្នាដៃនាងតែងឡើងមក។
មុននឹងឈានដល់ចំណុចជោគជ័យសព្វថ្ងៃនេះ Jeon So Yeon ធ្លាប់បានទម្លាយថានាងដើរដួលជួបបរាជ័យមិនតិចជាង ៣០ ដងនោះទេ។ តាមការរៀបរាប់របស់នាងបានឱ្យដឹងថា Jeon Soyeon បានចាប់ផ្តើមដាក់ពាក្យចូលប្រកួតដើម្បីក្លាយជាតារា K-POP តាំងពីនៅក្មេងមកម្ល៉េះ ដោយនាងបានចូល Audition ជាង ៣០ ដង សឹងតែគ្រប់ក្រុមហ៊ុនដែលប្រកាសជ្រើសរើស តែមិនមានម្តងណានាងត្រូវបានគេទទួលស្គាល់នោះឡើយ។
ទោះបីជាដូចនេះក្តីក៏តារាស្រីរូបនេះ មិនដែលមានគំនិតចង់បោះបង់ចោលនោះទេ ហើយនៅទីបំផុតនាងក៏ត្រូវបានក្រុមហ៊ុន Cube ជ្រើសរើសយកមកបណ្តុះបណ្តាល បន្តែជំហានឆ្ពោះទៅតារា K-POP មិនមែនជោគជ័យត្រឹមនេះឡើយ ដោយមុនពេល Debut នាងធ្លាប់បានចូលប្រកួតក្នុងកម្មវិធីចំនួន ២ គឺ «Produce 101» និង «Unpretty Rap Star» តែនាងក៏នៅតែមិនទទួលបានជោគជ័យ ដោយក្នុងកម្មវិធី Produce 101 នាងស្ថិតនៅលេខរៀងទី ២០ ចំណែកឯកម្មវិធី Unpretty Rap Star នាងបានត្រឹមជាជ័យលាភីរងទី ២។
បើទោះបីជាមិនបានជោគជ័យ ឬ មិនបានឈ្នះពានក៏ពិតមែន តែកម្មវិធីទាំង ២ នេះបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Jeon Soyeon ចាប់ផ្តើមរសាត់អណ្តែត រហូតនាងត្រូវបានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាមេក្រុមរបស់ (G)I-DLE ជាមួយសមត្ថភាពយ៉ាងពេញលេញ ហើយក្រុមចម្រៀងរបស់នាងគឺទទួលបានកេរ្តិ៍ឈ្មោះ និង ការគាំទ្រជាខ្លាំង ដោយពួកគេទទួលបានពានរង្វាន់ជាច្រើន និង មានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក៕
ប្រភព៖ TVOvermind