
លែងលះគ្នាយូរហើយ ទើបធ្លាយថាអតីតស្វាមី Zhao Liying សួរនាងពាក់ព័ន្ធរឿងចង់បានកូនទី ២
រឿងរ៉ាវប្តីប្រពន្ធតារាសម្ដែងល្បីរបស់ចិន ដែលទស្សនិកជនតែងចាត់ទុកថាជាគូស្នេហ៍ដ៏សម្បូរប្រជាប្រិយភាពការគាំទ្រប្រចាំវិស័យ C-drama ក្រោយពីអ្នកទាំងពីរបានប្រកាសពីដំណឹងលែងលះ បានបង្កឱ្យមានព្យុះភ្លៀងយ៉ាងខ្លាំងកក្រើកពេញ Cnet ក្នុងឆ្នាំ ២០២១។
កន្លងទៅអស់ច្រើនខែមកហើយ ពេលនេះអ្នកទាំងពីរមិនខុសពីមនុស្សមិនស្គាល់គ្នាទេ លែងនិយាយពាក្យផ្អែមល្ហែមពីដូចមុន។ មកទល់នឹងពេលនេះ ក៏នៅតែមានអ្នកគាំទ្រជាច្រើន បន់ស្រន់ឱ្យគូស្នេហ៍មួយគូនេះ វិលមករកគ្នា និង សាងចំណងស្នេហ៍ឡើងវិញផងដែរ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រភពចេញពីគេហទំព័រចិន 163 ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ខណៈដែលទម្លាយរឿងរវាងគូស្នេហ៍មួយគូនេះ កាលពីអ្នកទាំងពីរនៅស្រឡាញ់គ្នា។ ពេលនោះ លោក Feng Shaofeng អតីតស្វាមី Zhao Liying បានសួរទៅកាន់អតីតភរិយាថា៖ «ហេតុអ្វីបានជាអូនមិនចង់បានកូនទីពីរឱ្យបង?» ស្រាប់តែភ្លាមនោះ តារាស្រីរូបនេះឆ្លើយយ៉ាងត្រជាក់ថា ៖ «ខ្ញុំស្តាប់តាមបងគ្រប់យ៉ាង»។
បើតាមប្រភពដដែល បានវាយតម្លៃថា ទាំងនេះគឺជាចម្លើយដែលបង្ហាញពី EQ ខ្ពស់របស់តារាស្រីត្រកូល Zhao ដ៏ស្រស់ស្អាតរូបនេះ។ ទោះបីជានាងជាមនុស្សស្រីរឹងមាំ និង ម៉ឺងម៉ាត់ចំពោះការងារក៏ដោយ ប៉ុន្តែនៅក្នុងគ្រួសារ Zhao Liying តែងតែស្តាប់ប្តីរបស់នាង។ មិនគួរណា ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មានបញ្ហាជាច្រើនទៀត ដែលនាំឱ្យគូស្នេហ៍ត្រូវបោះបង់ចោលពាក់កណ្តាលទី និង ចែកផ្លូវដើររៀងៗខ្លួន។
ថ្វីដ្បិតថា អ្នកទាំងពីរបានលែងលះគ្នាដាច់ស្រេចក៏ពិតមែន ប៉ុន្តែទាំង Feng Shaofeng និង Zhao Liying មិនដែលទាស់ពាក្យសម្តីអាក្រក់ចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ គួរឱ្យកោតសរសើរទៅវិញ ចំពោះអ្នកទាំងពីរ ដែលបន្តភាពទំនួលខុសត្រូវក្នុងនាមជាឪពុកម្តាយ រួមគ្នាមើលថែកូនប្រុស ក្រោយពីវិលត្រឡប់មកធ្វើការងារក្នុងសិល្បៈពេញលេញសព្វថ្ងៃនេះ៕