ជាតួឯកទាំងមូលតែ Gong Yoo បែរថា ខ្លួនខ្លាចរឿងមួយនេះសឹងទ្រាំមិនបាន ខណៈសម្តែងរឿង Train to Busan
ប្រិយមិត្តអ្នកទស្សនាមួយចំនួន ប្រាកដជាមិនទាន់ភ្លេចនៅឡើយទេ ខ្សែភាពយន្តកូរ៉េល្បីបែបខ្មោច Zombie គឺ «Train to busan» ដែលជាចំណីចក្ខុដ៏ប្លែកភ្នែកទាក់អារម្មណ៍ខ្លាំងបំផុតនៅក្នុងប្រចាំឆ្នាំ ២០១៦។ លើសពីនេះ រឿងនេះថែមទាំងបានឈ្នះពានរង្វាន់ជាច្រើនថែមទៀតផង។
យ៉ាងណាមិញ រឿង «Train to busan» ត្រូវបានចូលរួមសម្តែងដោយតារាសម្តែងកូរ៉េពោរពេញដោយសមត្ថភាពជាច្រើននាក់ ក្នុងនោះជាពិសេសគេឃើញមានកំពូលតារាប្រុស Gong Yoo ក៏បានមានវត្តមានសម្តែងជាតួអង្គឯកប្រុសផងដែរ។
អ្វីដែលចាប់អារម្មណ៍ Gong Yoo ធ្លាប់បានទម្លាយអារម្មណ៍ពិតក្នុងការសម្ភាសមួយពាក់ព័ន្ធនឹងការសម្ដែងក្នុងរឿងដ៏ល្អឯកមួយនេះថា «អ្នកគាំទ្រប្រហែលជាឃើញលោកដើរតួ ជាតួឯកដែលពុះពារតស៊ូខ្លាំងជាមួយពពួកខ្មោច Zombie នៅក្នុងសាច់រឿង ប៉ុន្តែខណៈសម្តែងពិតប្រាកដវិញ គឺលោកពិតជាខ្លាចពួកគេខ្លាំងណាស់ បើទោះបីដឹងថា នោះគ្រាន់តែជាការផាត់មុខតុបតែង ដើម្បីសម្តែងក៏ដោយ ព្រោះលោក គឺជាមនុស្សឆាប់ភ័យខ្លាចតាំងពីក្មេង»។
លើសពីនេះទៅទៀត លោកបន្ថែមថា «នៅពេលដែលមានឆាកតម្រូវឱ្យលោករត់គេចចេញពីពួកខ្មោចនោះ រូបលោកតែងតែរត់មួយទំហឹង យកតែ មែនទែនតែម្តង ព្រោះខ្លាចខ្មោចពួកនោះពិតមែន ហើយសូម្បីតែចប់ឈុតក៏លោកមិនហ៊ានទៅជិតពួកគេដែរ»។
យ៉ាងណាមិញ អ្នកគាំទ្រពិតជានឹកអស់សំណើច និង ហួសចិត្តមិនតិចនោះទេ ព្រោះមិននឹកស្មានថា តួអង្គបុរសដែលពុះពារនៅក្នុងរឿង តាមពិតទៅខ្លាចសឹងញ័រខ្លួននៅពេលសម្តែងបែបនេះសោះ៕