ស្ដាប់បទឧកញ៉ា ខេមរៈ សិរីមន្ត យូរហើយ មានដឹងបទដំបូងបំផុត ក្នុងអាជីពចម្រៀងរបស់ឧកញ៉ាអត់?
កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញ ឧកញ៉ា ខេមរៈ សិរីមន្ត បានបោះជំហានប្រឡូកក្នុងវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ តែរំឭកទៅកាន់អតីតកាលខ្លះៗរបស់លោកវិញ ទម្រាំសាងកេរ្ដិ៍ឈ្មោះក្លាយជាតារាលំដាប់ជួរមុខដូចសព្វថ្ងៃ មិនមែនដេកបិទភ្នែកហើយងើបឡើងក្លាយជាកំពូលតារាបាននោះទេ គ្រប់យ៉ាងគឺកើតឡើងពីការខិតខំប្រឹងប្រែងតស៊ូ តាំងពីគ្មានអ្នកស្គាល់ រហូតបទចម្រៀងរបស់លោកនីមួយៗចេញមកមានអ្នកស្ដាប់ភ្លូកទឹកភ្លូកដី។
វិលទៅកាន់អតីតកាលបន្តិច ជឿថាមានទស្សនិកជនជាច្រើនកំពុងគាំទ្រកំពូលតារាចម្រៀងសំឡេងមុតស្រួច ឧកញ៉ា ខេមរៈ សិរីមន្ដ ហើយក៏មានបទរបស់លោកជាច្រើនដែលប្រិយមិត្តចូលចិត្តស្ដាប់ និង ចេះច្រៀងតាម ប៉ុន្ដែជឿថាមានប្រិយមិត្តភាគតិចណាស់ដែលដឹងស៊ីជម្រៅថា បទចម្រៀងរបស់តារាច្រៀងមកពីខេត្តកំពង់ចាមរូបនេះ ជាបទអ្វីនោះ។
ពិតណាស់ បទ «អន្ទងស្នេហ៍» គឺជាបទចម្រៀងដំបូងបំផុតរបស់ឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម យូធូ ក៏ជាជំហានដំបូងនៃការចាប់ផ្ដើមអាជីពសិល្បៈរបស់លោកដែរ ព្រោះបទនេះ ធ្វើឱ្យលោកមានមហាជនមួយចំនួនស្គាល់ ក៏ដូចជាពេញចិត្តលើទឹកដមសំនៀងរបស់លោក។
ក្រៅពីបទ «អន្ទងស្នេហ៍» ឧកញ៉ា ខេមរៈ សិរីមន្ត ចាប់ផ្ដើមបញ្ចេញសំនៀងក្នុងបទទី ២ គឺបទ «បេះដូងអ្នកប្រដាល់» ដែលបទនេះ ពិតជាទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ហើយក៏ជាឱកាសមាសពេជ្រ ជំរុញឱ្យកេរ្ដិ៍ឈ្មោះរបស់លោកល្បីសុះសាយចាប់តាំងពីពេលនោះមក៕