មុនក្លាយជាតារាល្បីរន្ទឺ Weir ធ្លាប់ត្រូវគេដៀលត្មះសឹងបាក់ស្បាត រហូតក្លាយជារឿងឈឺចាប់បំផុតក្នុងជីវិត
លោក Weir Sukollawat ជាកំពូលតារាសម្តែងប្រុសដែលមានឈ្មោះល្បីម្នាក់នៅក្នុងពិភពសិល្បៈថៃ តែអ្វីដែលមហាជនខ្លះមិនទាន់បានជ្រាបនោះ គឺមុនក្លាយខ្លួនជាតារាល្បីម្នាក់ដែលមានមហាជនគាំទ្រច្រើននោះ លោកក៏ធ្លាប់រងការប្រមាថមិនតិចនោះដែរ។
តាមរយៈសារព័ត៌មានថៃមួយបានឱ្យដឹងថា តារាប្រុសរូបនេះបានទម្លាយរឿងរ៉ាវដ៏សែនឈឺចាប់មួយ ដែលបានកើតមានលើរូបលោកទម្រាំមានឈ្មោះល្បីដល់សព្វថ្ងៃ។ ក្នុងនោះលោកបានរៀបរាប់ថា ៖ «មានពេលមួយដែលលោកចាំមិនដែលភ្លេចគឺ មានគេមើលងាយលោកថាជាក្មេងស្រុកស្រែ ទៅធ្វើតារាមិនបានយូរទេ បានតែ ២ ទៅ ៣ ឆ្នាំអីនឹង ត្រឡប់មកធ្វើស្រែវិញហើយ»។
តារាប្រុសរូបនេះក៏បានបន្តទៀតថា ៖ «ពេលដែលលោកបានឮពាក្យទាំងនោះ លោកពិតជាមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ព្រោះលោកមិនមែនស្រែដល់ថ្នាក់គេដៀលពេកនោះទេ ដ្បិតតែលោករស់នៅជនបទ តែគ្រួសារលោកមិនដែលធ្វើស្រែនោះទេ គឺពួកគាត់មានអាជីវកម្មផ្ទាល់ខ្លួនសម្រាប់គ្រូសារ»។
ជុំវិញរឿងរ៉ាវ និង ពាក្យតិះដៀលទាំងនេះហើយ ដែលកាន់តែធ្វើលោកខិតខំប្រឹងប្រែងជម្នះរាល់ពាក្យទាំងនោះ រហូតសម្រេចបំណងប្រាថ្នានៅក្នុងជីវិត ក្លាយជាតារាល្បីឈ្មោះរន្ទឺលំដាប់ប្រទេស មានអ្វីគ្រប់យ៉ាងគួរឱ្យសរសើរ៕
ប្រភព៖ thairath