ដោយសារតែរឿងចៃដន្យនេះ តួអាប យាយសាយ ក្ដោបឱកាសក្លាយជាតារាជាង ៦៤ ឆ្នាំ
តារាសម្តែងវ័យ ៨១ ឆ្នាំ លោកយាយ Nam-Nguen Boonnak ដែលមានឈ្មោះហៅក្រៅថា Peak ឬ ភាគច្រើនបងប្អូនមួយចំនួនហៅគាត់ថាជា «អាបយាយសាយ» ដែលសម្តែងរឿង «អាប (Krasue)» ល្បីខ្លាំងក្នុងឆ្នាំ ១៩៩៤ នឹងធ្លាប់បានបញ្ចាំងតាមស្ថានីយទូរទស្សន៍ខ្មែរផងដែរ។
គិតមកទល់ពេលបច្ចុប្បន្ននេះ លោកយាយបានចូលសិល្បៈមកអស់ជាង ៦៤ ឆ្នាំមកហើយ ដោយចាប់តាំងពីឆ្នាំ ១៩៥៧ មកម្ល៉េះ។ លោកយាយត្រូវបានអ្នកសិល្បៈថៃ និង មហាជនគោរពស្រឡាញ់ជាខ្លាំង ដោយចាត់ទុកជាតារារៀមច្បងមួយរូប ដែលធ្វើការងារសិល្បៈយូរឆ្នាំមិនបោះបង់។
ថ្មីៗនេះលោកយាយ Namngeun បានទម្លាយប្រវត្តិចូលសិល្បៈដំបូងរបស់ខ្លួនថា ៖ «កាលពីខ្ញុំនៅក្មេង ខ្ញុំអត់ចង់ក្លាយជាអ្នកសិល្បៈទេ មិនដែលសូម្បីគិត តែជាចៃដន្យណាស់សុខៗក៏ជួបអ្នកដឹកនាំរឿង ហើយក៏ហៅចូលសម្តែង ថតរឿងដំបូងក៏បានក្លាយជាតួឯក ហើយបានទាំងពានរង្វាន់ធំទៀត ទាំងដែលតាមពិតខ្លួនអត់បានតាំងចិត្តក្លាយជាតារាសោះ»។
«និយាយទៅហាក់បីដូចជាការចងចាំល្អមួយ ដោយនាសម័យនោះក្រោយពេលមើលឃើញភាពរីកចំរើននៃវិស័យភាពយន្ត ជាពិសេសគឺមានការស្រឡាញ់ពេញចិត្តពីសំណាក់បងប្អូន នាងខ្ញុំក៏សម្រេចចិត្តបន្តការសម្តែងរៀងមកដល់ពេលបច្ចុប្បន្ន។ មានគេធ្លាប់សួរខ្ញុំថាវ័យប៉ុន្មានទើបខ្ញុំឈប់ពីសិល្បៈ តែខ្ញុំថាខ្ញុំអត់ឈប់ទេ ដរាបណាខ្ញុំនៅសម្តែង និង ដើររួច ខ្ញុំនឹងធ្វើ ព្រោះតែអាជីពនេះវាបានក្លាយជាផ្លូវជីវិតខ្ញុំទៅហើយ ខ្ញុំចង់សាងការចងចាំល្អៗជាមួយមិត្តរួមការងារទាំងចាស់ ទាំងក្មេង និង ចង់ឃើញវិស័យភាពយន្តរបស់យើងកាន់តែរីកចម្រើន»៕
ប្រភព៖ Truststore