ក្រោយផ្ទុះរឿងអាស្រូវផ្ទួនៗ រ៉ូស ស្រាប់តែទម្លាយសារមួយនេះទាំងយប់
កាលពីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ លោកអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវរបស់តារាសម្ដែង រ៉ូស ដែលត្រូវបានផ្ទុះរឿងអាស្រូវធំៗ ២ ផ្ទួនៗគ្នាចំថ្ងៃតែមួយ ដោយនៅមិនទាន់បានដោះស្រាយ ឬ ចេញមុខបកស្រាយបញ្ចប់រឿងណាមួយនៅឡើយ។
រឿងអាស្រូវទី ១ ដែល រ៉ូស កំពុងជួបប្រទះ គឺកាលពីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ លោកស្រី ទ្រី ដាណា បានប្រគល់សិទ្ធិឱ្យមេធាវីផ្ទាល់ខ្លួន ធ្វើលិខិតអញ្ជើញឱ្យឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ចូលខ្លួនដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបញ្ចេញមតិនៅក្រោមការផុសរបស់លោកស្រី ទ្រី ដាណា ថា ៖ «ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យស័ក្តិសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង»។
តាមរយៈលិខិតអញ្ជើញនោះ មេធាវីរបស់លោកស្រីថៅកែហាងពេជ្រ ទ្រី ដាណា ដ៏ល្បីខាងលើបានអះអាងថា ការបញ្ចេញយោបល់របស់ រ៉ូស បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា យ៉ាងខ្លាំង។
រីឯរឿងរ៉ាវអាស្រូវដ៏ក្ដៅគគុកទី ២ គឺនៅក្នុងយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ដដែល តារាសម្ដែង រ៉ូស ក៏ត្រូវបានតារា TikTok ក៏មានប្រជាប្រិយភាព ម៉ាក់ល័ក្ខ បានទម្លាយសារសម្ងាត់ដែល រ៉ូស បានធ្វើជាម៉ែយ៉ែម ដោយបានល្បួងខ្លួនឱ្យទៅជួបឧកញ៉ា ដោយឱ្យថ្លៃម្ដង ១០០០ ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីដល់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ថ្វីដ្បិតថា ក្រោយទទួលបានលិខិតអញ្ជើញពីមេធាវីរបស់លោកស្រី ទ្រី ដាណា ភ្លាម រ៉ូស បានបង្ហោះសារសុំទោសភ្លែត តែរឿងរ៉ាវមួយនេះនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ ហើយសម្រាប់រឿងធ្វើជាម៉ែយ៉ែមល្បួងតារា TikTok ខាងលើឱ្យទៅជួបឧកញ៉ា ម្ដង ១០០០ ដុល្លារនោះ រ៉ូស បានធ្វើការឆ្លើយតបដោយអះអាងថា មានគេហែកគណនីហ្វេសប៊ុកខ្លួន ដោយខ្លួនមិនទទួលខុសត្រូវលើរឿងនេះឡើយ ដោយយោងថា មានត្រឹមតែសារជាសំណេរ មិនមានសារជាសំឡេងនាងបញ្ជាក់ថាជានាងឡើយ។
យ៉ាងណាមិញ ទោះបីជាមានរឿងរ៉ាវនេះកើតឡើងធំប៉ុនភ្នំក្តី ប៉ុន្តែមើលទៅ រ៉ូស ហាក់មិនមិនសូវខ្វាយខ្វល់ ឬ បារម្ភអ្វីឡើយ។ ស្របគ្នានឹងការមិនព្រួយឈឺក្បាលហាលថ្ងៃនឹងរឿងអាស្រូវនោះ នៅយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រី រ៉ូស ក៏បានបង្ហោះសារមួយ ដោយចង់សំដៅថាខ្លួននឹងមិនទៅអង្វរនរណាម្នាក់ឱ្យស្រឡាញ់នាងនោះឡើយ ព្រោះកែវភ្នែកមនុស្សគ្រប់គ្នា គឺកំពុងសម្លឹងមករូបនាងដោយការគិតផ្សេងៗគ្នា។
សារនោះ រ៉ូស បានសរសេររៀបរាប់ថា ៖ «មិនចំបាច់អង្វរឱ្យនរណាម្នាក់មកស្រឡាញ់យើងនោះទេ! ចេះស្រឡាញ់ខ្លួនឯង និង ផ្តល់តម្លៃឱ្យខ្លួនឯងគឺគ្រប់គ្រាន់។ កែវភ្នែកដែលគ្រប់គ្នាបានសម្លឹងមកខ្ញុំ ជាមួយនឹងការគិតរបស់ពួកគេ គឺខុសគ្នាទាំងអស់»៕