វាសនាខ្ពស់! V បើមិនបានមកធ្វើជាតារាទេ ថ្មើរណេះប្រាកដជាធ្វើការងារមួយនេះបាត់ហើយ
នរណាៗក៏ស្គាល់ដែរថា កំលោះសម្បូរស្នេហ៍ V ឬ Kim Taehyung គឺសមាជិកមួយរូប ដែលបានតស៊ូព្យាយាមដើរលើវិស័យ K-pop មករាប់ឆ្នាំ ជាមួយនឹងក្រុមចម្រៀងបុរស BTS តាំងពីបាតដៃទទេគ្មានអ្នកស្គាល់គាំទ្រ រហូតក្លាយជាកំពូលក្រុមចម្រៀងមានប្រជាប្រិយភាពសុសសាយពាសពេញពិភពលោកដូចសព្វថ្ងៃនេះ។
ក្នុងនោះ សមាជិកម្នាក់ៗពិតជាមានវាសនាណាស់ ព្រោះម្នាក់ៗមិនដែលនឹកស្មានថា ខ្លួនអាចមកឈរនៅចំណុចនេះបានឡើយ ជាពិសេសនោះ គឺតារាប្រុស V តែម្តង។ លោកបានទម្លាយឱ្យដឹងយ៉ាងរំជួលចិត្តដូចនេះថា បើមិនបានមានវាសនាក្លាយជាតារាចម្រៀងទេ ថ្មើរណេះលោកប្រាកដជានៅជួយឪពុកម្តាយធ្វើស្រែចម្ការជាក់ជាមិនខានឡើយ ព្រោះរូបលោកបានចាប់កំណើតនៅក្នុងក្រុមគ្រួសារកសិករមិនសូវធូរធារមួយ នាខេត្ត Daegu ប្រទេសកូរ៉េខាងត្បូង។
តាំងពីតូចមក លោកតែងតែគិតថា ខ្លួននឹងក្លាយជាកសិករបន្តដំណែងពីអ្នកមានគុណជានិច្ច ដោយមិនដែលនឹកគិតថាខ្លួនក្លាយជាតារាល្បីមានអ្នកចោមរោមអ្វីនោះទេ ប៉ុន្តែតារាប្រុសរូបនេះ ក៏បានចាប់អារម្មណ៍ក្នុងលេងឧបករណ៍ Saxophone ព្រមទាំងច្រៀង និង រាំតិចតួចផងដែរ។
ដោយហេតុតែវាសនាចារតម្រូវមក នៅពេលមួយនោះ លោកបានជូនមិត្តទៅដាក់ពាក្យប្រឡងនៅផលិតកម្ម Big Hit តែលោកក៏ត្រូវបានបុគ្គលិកក្រុមកាងារនៅទីនោះជំរុញឱ្យដាក់ពាក្យប្រឡងដូចគ្នា។ ឃើញដូចនេះ កំលោះសង្ហាយើងក៏ទៅសួរយោបល់ពីក្រុមគ្រួសារ ហើយបន្ទាប់ពីទទួលបានការអនុញ្ញាតពីឪពុកម្តាយរួចមក លោកក៏បានសម្រេចចិត្តដាក់ពាក្យតែម្តង។
លើសពីនេះ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ V គឺជាបេក្ខជនប្រចាំខេត្ត Daegu តែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានខាងផលិតកម្មជ្រើសរើសឱ្យទៅវគ្គបន្ទាប់។ ក្រោយមក លោកក៏បានចូលទៅហ្វឹកហាត់នៅក្នុងផលិតកម្ម Big Hit ជាមួយសមាជិកផ្សេងៗ ព្រមទាំងបានក្លាយជាសមាជិកក្រុម BTS តស៊ូជាមួយគ្នារហូតមកទល់សព្វថ្ងៃនេះឯង។
យ៉ាងណាមិញ មកទល់ពេលនេះ វាសនារបស់លោកត្រូវបានប្តូរផ្លាស់ទាំងស្រុង ដោយពីកូនអ្នកស្រែចម្ការ ក្លាយជាកំពូលតារាល្បី ដែលមានលុយជាង ២០ លានដុល្លារនៅក្នុងដៃ ធ្វើឱ្យគ្រួសាររស់ស្រួលទៅមួយជីវិត៕