មិនដឹងសោះ! មុនរៀបការ Jun Ji hyun និងស្វាមីធ្លាប់មានទំនាក់ទំនងបែបនេះ
មកទល់ពេលនេះ កំពូលតារាសម្តែងស្រីជួរមុខ Jun Ji hyun បានរៀបការសាងជីវិតគ្រួសារយ៉ាងផ្អែមល្ហែមជាមួយលោក Choi Joon Hyuk ជាស្វាមី អស់រយៈពេលជាង ៩ ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយអ្នកទាំងពីរក៏មានកូនប្រុសសង្ហាៗពីរនាក់ជាចំណងដៃផងដែរ។
តារាស្រីរូបនេះ ពិតជាមានវាសនាសំណាងខ្ពស់ខ្លាំងណាស់ ព្រោះមិនត្រឹមតែបានស្វាមីដែលចេះថ្នាក់ថ្នមស្រឡាញ់យល់ចិត្តមិនឱ្យទាស់ចិត្តនោះទេ ប៉ុន្ដែលោកថែមទាំងជា កូនប្រុសម្នាក់ ដែលកើតនៅក្នុងគ្រួសារអភិជនល្បីបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង និង កំពុងកាន់កាប់ធនាគារអន្តរជាតិមួយ ដែលមានតម្លៃគិតជាលុយសុទ្ធរាប់រយលានដុល្លារថែមទៀតផង។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល បើយោងតាមប្រភពព័ត៌មាន ស្វាមីភរិយាមួយគូនេះ គឺធ្លាប់ជាមិត្តភក្ដិជិតស្និទ្ធ ដឹងចិត្តគ្នា តាំងពីនៅក្មេងមកម៉្លេះ ប៉ុន្តែពេលធំឡើង អ្នកទាំងពីរត្រូវឃ្លាតគ្នា ដើម្បីរត់រកគោលដៅជីវិតការងាររៀងៗខ្លួន។ នៅពេលធំពេញវ័យហើយ ពួកគេក៏មានឱកាសបានជួបគ្នាម្តងទៀត ហើយក៏បានរាប់អានយល់ចិត្តគ្នាវិញដូចដើម។
អ្វីដែលចាប់អារម្មណ៍ ចំពោះការត្រឡប់ជួបគ្នាវិញពេលនោះ កាន់តែធ្វើឱ្យអ្នកទាំងពីរកាន់តែស្និទ្ធស្នាលជាងមុនទៅទៀត រហូតធ្វើឱ្យខាងប្រុសបាក់ចិត្តស្រឡាញ់ Jun Ji hyun ស្រឹបតែម្តង ពោលគឺនៅពេលដែលនាង បាននៅមើលថែទាំរូបលោក អំឡុងពេលលោកមានជំងឺ។ ក្រោយមកតារាស្រីរូបនេះ និង ស្វាមី បាននៅបន្តទាក់ទងមើលចិត្តគ្នាក្នុងនាមជាសង្សាររយៈពេល ២ ឆ្នាំឯណោះ ទើបសម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នា យ៉ាងមានសុភមង្គលរហូតមកទល់ពេលបច្ចុប្បន្ន៕