
អីយ៉ាស់! Jennie ទម្លាយអាថ៌កំបាំងពិសេសមួយ មានពាក់ព័ន្ធនឹងតួប្រុសរឿង «Squid Game» រូបនេះ
ខ្សែភាពយន្ត «Squid Game» បច្ចុប្បន្នកំពុងផ្ទុះខ្លាំង និង ឈរលេខរៀងទី ១ លើ Netflix មានអ្នកទស្សនាច្រើនជាងគេបំផុត។
ក្នុងភាពយន្តបែបរន្ធត់មួយនេះដែរ បានធ្វើឱ្យតារាចូលរួមសម្ដែងមួយចំនួន ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។ ក្នុងនោះ មហាជនចាប់អារម្មណ៍ជាងគេលើតួអង្គសំខាន់ស្រី ដែលសម្ដែងដោយ Jung Ho Yeon។ Jung Ho Yeon មានអាជីពជាតារាម៉ូដែល ហើយនេះគឺជាភាពយន្តដំបូងដែលនាងបានសម្ដែង ក៏ផ្ទុះប្រជាប្រិយភាពខ្លាំងក្លាបំផុតបាត់ទៅហើយ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺថា Ho Yeon គឺជាមិត្តភក្តិជិតស្និទ្ធរបស់តារាចម្រៀង Jennie ក្រុម BLACKPINK។ ទំនាក់ទំនងជិតដិត គាំទ្រគ្នាទៅវិញទៅមករបស់តារាស្រីមួយគូនេះ កំពុងតែទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រ។
ដោយឡែក មហាជនបែរមកភ្ញាក់ផ្អើល និង ងាកមកចាប់អារម្មណ៍ពីទំនាក់ទំនងពិសេសមួយទៀតរវាងតារាចម្រៀង Jennie និង តួអង្គសំខាន់រឿង «Squid Game» មួយរូបទៀត គឺលោក Lee Jung Jae។
តារាសម្ដែង Lee Jung Jae ដែលដើរតួជាតួអង្គ Seong Gi-Hun ក្នុងរឿង «Squid Game» នោះ ប្រជាប្រិយភាពរបស់លោក មិនមែនទើបតែផ្ទុះល្បីថ្មីៗនេះទេ តែតារាប្រុសរូបនេះ មានឈ្មោះបោះសំឡេងតាំងពីជំនាន់មុនមកម្ល៉េះ។
ជាក់ស្ដែង ម្ដាយរបស់តារាចម្រៀង Jennie ក៏ជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់លោកមួយរូបផងដែរ។ Jennie ធ្លាប់ទម្លាយថា ដំបូងឡើយម្ដាយរបស់នាងចង់ដាក់ឈ្មោះនាងតាមតួអង្គ Jae Hee ដែលសម្ដែងដោយ Lee Jung Jae ក្នុងខ្សែភាពយន្ត «Sandglass» ប៉ុន្តែដោយសារតែគាត់ផ្ដល់កំណើតដល់កូនស្រី ទើបសម្រេចចិត្តប្ដូរឈ្មោះទៅជា «Jennie» នេះវិញ៕