ស្ងប់ស្ងាត់ពីសិល្បៈ តាមពិត អាន វិសាល ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» មកសំងំប្រកបរបរសាមញ្ញមួយនេះ ដើម្បីចិញ្ចឹមជីវិត
បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំមកហើយ តារាចម្រៀង អាន វិសាល បានផ្អាកក្នុងការចេញបទចម្រៀងថ្មី និង ពុំសូវបានបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍។ គេចាំបានថាកាលពីអំឡុងឆ្នាំ ២០១៨ លោកធ្លាប់បានឡើងច្រៀងលើឆាកតន្ត្រីម្តងម្កាល តែក្រោយមកក៏បាត់ឈឹងតែម្តង។
ជាការពិត សព្វថ្ងៃបើទោះជាចាកឆ្ងាយពីវិថីសិល្បៈក៏ពិតមែន ប៉ុន្តែលោក អាន វិសាល កំពុងតែប្រកបរបររកស៊ីប្រចាំថ្ងៃ ក្រោយពីកន្លងមកលោកធ្លាប់បានជួបប្រទះនូវភាពលំបាកខ្លះៗនៅក្នុងជីវិត។ ក្នុងនោះ លោក អាន វិសាល បានបើកហាងលក់នំបញ្ចុកពេលថ្ងៃ និង ភោជនីដ្ឋានផឹកស៊ី គ្រឿងក្លែមមួយកន្លែង តែដោយការរាតត្បាតកូវីដ លោកក៏បានបង្កើនការលក់គ្រឿងក្លែម និង អាហារផ្សេងៗតាមអនឡាញវិញ ដែលពេលនេះកំពុងកាក់កបគួរសម។
គួររំឭកថា លោក អាន វិសាល គឺជាតារាចម្រៀងបោះជំហានដំបូងក្នុងផលិតកម្ម CB ដោយកាលនោះ បទចម្រៀងល្បីៗរបស់លោកជាច្រើនមានការគាំទ្រ ជាពិសេសគឺបទ «ទឹកភ្នែកខ្ទើយ»។ លើសពីនោះ ក្រោយផលិតកម្ម CB បានបិទ លោកក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្ម M ផងដែរ៕