Selena Gomez អួលដើម-ក ពេលនិយាយដល់ម្តាយ ដែលជួបវាសនាបែបនេះ
នៅពីក្រោយភាពជោគជ័យ និង ភាពល្បីល្បាញនាវ័យត្រឹម ២៩ ឆ្នាំ Selena Gomez ក៏ជាតារាចម្រៀងម្នាក់ដែលធ្លាប់ជួបប្រទះភាពលំបាកជូរចត់មិនតិចនោះដែរ ជាពិសេសរឿងគ្រួសារ ក៏ដូចជាជីវភាព ប៉ុន្តែសំណាងល្អនាងនៅមានស្រ្តីរឹងមាំម្នាក់ជាម្តាយ ដែលតែងតែជួយជំរុញគាំទ្រ រហូតនាងអាចឈានជើងមកដល់សព្វថ្ងៃនេះ។
តារាស្រី Selena បានបង្ហើបឱ្យដឹងខ្លះៗ ពីប្រវត្តិតស៊ូរបស់នាងជាមួយម្តាយ គឺលោកស្រី Mandy Teefy ទាំងស្រណោះអួលដើមក មិនលាក់លៀមមហាជននោះឡើយ ក្នុងបំណងចង់បង្ហាញពីភាពជំនះតស៊ូរបស់នាងនាពេលកន្លង។
ស្រីស្រស់រូបនេះបានឱ្យដឹងដូច្នេះថា ម្តាយនាងបានពពោះ និង ឱ្យកំណើតរូបនាងនៅវ័យជំទង់ត្រឹម ១៦ ឆ្នាំប៉ុណ្ណោះ។ មិនយូរប៉ុន្មាន ឪពុកម្តាយនាងបានមានរឿងរកាំរកូសលែងលះគ្នានៅពេលនាងមានអាយុត្រឹម ៥ ឆ្នាំ ដែលធ្វើឱ្យនាងត្រូវធ្លាក់ជាបន្ទុករ៉ាប់រងរបស់អ្នកម្តាយវ័យក្មេងតែម្នាក់ឯងថែមទៀតផង។
នាពេលនោះ លោកស្រី Mandy មានភាពខ្វះខាតរឿងជីវភាពច្រើនគួរសម ព្រោះត្រូវចិញ្ចឹមកូនតែម្នាក់ឯង ទើបសម្រេចចិត្តសម្រុកខ្វែងដៃខ្វែងជើងធ្វើការម្តង ៣ មុខឯណោះ ទាំងខ្លួនជាស្ត្រីនៅក្មេងទន់ខ្សោយ ដើម្បីតែបានប្រាក់មកផ្គត់ផ្គង់ក្រពះខ្លួន និង កូនស្រីសំណព្វ។
ក្រោយមក ដោយសារវាសនាមាន Selena បានលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍កុមារជាលើកដំបូង យូរៗអាចរំកិលខ្លួនចូលវិស័យសិល្បៈជាបន្តបន្ទាប់ រហូតបានក្លាយជាតារាចម្រៀងល្បីឈ្មោះ មានលុយរាប់លានដុល្លារអាចជួយម្តាយបានវិញដូច្នេះ។
យ៉ាងណាមិញ ស្រីស្អាត Selena បានឱ្យដឹងថា អ្នកម្តាយ Mandy បានបង្រៀននាងពីជីវិតច្រើនណាស់ ហើយនាងនឹងប្រឹងប្រែងយកតម្រាប់តាមស្រ្តីម្នាក់ដែលជាម្តាយនេះបន្តទៀតនៅថ្ងៃអនាគតផងដែរ៕