ទៅស្គាល់តារា K-POP ៥ រូប ដែលមានលុយលើសពី ៥០ លានដុល្លារ
អាជីពជាតារាចម្រៀង K-POP ប្រសិនបើជោគជ័យនោះ លុយនឹងរត់រកមិនខាន ដោយមានតារាចម្រៀង K-POP មិនតិចនាក់នោះទេ ដែលសល់លុយរាប់លានក្នុងកុងធនាគារ។ ស្របពេលដែលបច្ចុប្បន្នទីផ្សារចម្រៀង K-POP កាន់តែរីកធំទូលាយទៀតនោះ កេរ្តិ៍ឈ្មោះ និង ទ្រព្យសម្បត្តិរបស់តារានីមួយៗកាន់តែហូរហៀរឡើង។ ក្នុងនោះ គេសង្កេតឃើញមាន K-POP អាយដលបុរស ៥ រូប ដែលមានទ្រព្យសម្បត្តិ និង មុខជំនួញជាច្រើនក្នុងដៃ។ មានដូចជា៖
១. JYP
Park Jinyoung គឺជាតារាអាយដលជើងចាស់ ដែលមានផលិតកម្មផ្ទាល់ខ្លួន JYP Entertainment ដែលជាផលិតកម្មធំមួយប្រចាំកូរ៉េខាងត្បូង។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណជាង ១៥០ លានដុល្លារ មានអាជីពជាស្ថាបនិកក្រុមហ៊ុន ជាតារាចម្រៀង សម្តែង ជាអ្នកដឹកនាំ អ្នកសរសេរចម្រៀង បង្កើតក្បាច់រាំ និង អ្នកជំនួញ។ JYP បានបង្កើតក្រុមចម្រៀងល្បីៗហើយជោគជ័យជាច្រើនដូចជា TWICE, GOT7, 2PM, Wonder Girls, និង ITZY ជាដើម។
២. Kim Jaejoong
អតីតសមាជិកក្រុម TVXQ បច្ចុប្បន្នជាសមាជិកក្រុម JYJ និង អ្នកចម្រៀងទោលរូបនេះ មានទ្រព្យសម្បត្តិសរុបជាង ១០០ លានដុល្លារ។ ក្រៅពីអាជីពជាតារាចម្រៀងលោកក៏ជាអ្នកដឹកនាំខ្សែភាពយន្ត ហើយជាតារាសម្តែងល្បីឈ្មោះមួយរូបផងដែរ។
៣. PSY
ម្ចាស់បទ «Gangnam Style» ដែលល្បីខ្ទរខ្ទារ លោក PSY មានទ្រព្យសម្បត្តិសរុបជាង ៦០ លានដុល្លារ ដោយលោកបានបើកក្រុមហ៊ុនចម្រៀងផ្ទាល់ខ្លួនឈ្មោះថា P Nation ដោយបានទាញយកតារាល្បីៗជាច្រើនចូលមកដូចជា Jessi, HyunA, Dawn និង Penomeco។
៤. G-Dragon
អ្នកចម្រៀងរ៉េប G-Dragon ដែលជាមេក្រុមរបស់ BIGBANG ក្រោមផលិតកម្ម YG គឺមានទ្រព្យសម្បត្តិសរុបជាង ៥៥ លានដុល្លារ។ តារាចម្រៀងប្រុសរូបនេះមិនត្រឹមតែជាអ្នកចម្រៀងរ៉េបនោះទេ លោកក៏ជាអ្នកសរសេរទំនុកច្រៀង ផលិតបទចម្រៀង អ្នកច្នៃម៉ូដផងដែរ ក្រៅពីនេះលោកមានមុខជំនួញជាច្រើនក្នុងដៃដូចជាហាងកាហ្វេ សណ្ឋាគារ និង ក្រុមហ៊ុនច្នៃម៉ូដជាដើម។
៥. Rain
Rain មានឈ្មោះពិតថា Jung Jihoon ជាតារាចម្រៀង និង សម្តែងមួយរូបដែលមានទ្រព្យសម្បត្តិសុរប្រមាណជាង ៥១ លានដុល្លារ។ តារាប្រុសរូបនេះគឺមានផ្ទះ និង ដីជាច្រើនកន្លែង លើសពីនេះលោកក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា R.A.I.N Company៕