ស្មានមិនដល់ថា សាំង ភស្ដា ស្ទើរបាត់បង់ជីវិត ពេលថតឈុតមួយក្នុងរឿង «ខ្មោចដើមចេកជ្វា»
មហាជនដែលធ្លាប់បានទស្សនារឿងបុរាណខ្មែរព្រឺព្រួច ភ័យរន្ធត់ដ៏ល្បីមួយ គឺរឿង «ខ្មោចដើមចេកជ្វា» ប្រាកដជាបានស្គាល់ហើយពីតួអង្គសម្ដែងជានាងនុត ដែលជាតួខ្មោចដើមចេកជ្វានោះ មានឈ្មោះក្រៅសាច់រឿងថា សាំង ភស្ដា។
យ៉ាងណាមិញ បន្ទាប់ពីបានសម្ដែងរឿងបុរាណខ្មែរល្បីៗប៉ុន្មានរឿងក្នុងជំនាន់នោះ តារាសម្ដែងស្រី សាំង ភស្ដា ក៏បាត់មុខពីវិស័យសិល្បៈមួយរយៈធំ ក្រោយពីបានរៀបការសាងគ្រួសារមួយដ៏មានសុភមង្គល ដោយមិនឃើញវត្តមានអ្នកនាងសម្ដែងដូចមុន ដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រនឹករឭកដល់អ្នកនាងយ៉ាងខ្លាំង។
មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីរូបនេះក៏បានលេចមុខសាជាថ្មីវិញ ដោយគេបានឃើញវត្តមានរបស់អ្នកនាងសម្ដែងរឿងទាំងបុរាណ និង សម័យថ្មីៗជាបន្តបន្ទាប់ ដែលបានដើរជាតួអង្គម្ដាយ និង តួអង្គផ្សេងៗ ព្រមទាំងត្រូវបានអញ្ជើញចូលរួមកម្មវិធីកិច្ចសម្ភាសជាច្រើនផងដែរ។
ជាក់ស្ដែងថ្មីៗនេះ បានឃើញវីដេអូខ្លីមួយក្នុង TiKTok ដែលឃើញថា តារាសម្ដែងស្រីរូបនេះ ត្រូវបានអញ្ជើញចូលរួមកម្មវិធីកិច្ចសម្ភាស «និករ» ដោយក្នុងវីដេអូនេះ អ្នកនាងបាននិយាយរៀបរាប់ពីការថតខ្សែភាពយន្តបុរាណខ្មែររឿង «ខ្មោចដើមចេកជ្វា» ដ៏ល្បីនេះ ទាក់ទងនឹងឈុតឆាកដែលអ្នកនាងសម្ដែងជាតួអង្គ នាងនុត។
ក្នុងនោះអ្វីដែលកាន់តែចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីស្ដាប់តារាស្រីរូបនេះបានរៀបរាប់ថា អ្នកនាងស្ទើរតែបាត់បង់ជីវិត ខណៈពេលថតឈុត នាងនុត ត្រូវស្លាប់ ដែលតម្រូវឱ្យអ្នកនាងបៀមល័ក្ខធ្វើជាឈាម និង សម្ដែងធ្វើជាក្អកក្អួតឈាមមុនពេលតួអង្គ នាងនុត ដាច់ខ្យល់ស្លាប់ ស្រាប់តែពេលនោះអ្នកនាងបានឈ្លក់ល័ក្ខក្នុងមាត់ រហូតធ្វើឱ្យអ្នកនាងដង្ហក់ខ្យល់ដកដង្ហើមមិនរួច សឹងតែនឹងដាច់ខ្យល់ស្លាប់មែនទែនទៅហើយ ប៉ុន្តែអ្នកនាងក៏បម្រះខ្លួនរួច ដកដង្ហើមស្រួលធម្មតាវិញ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖
@udom24##និករ-Nikor##ខ្មោចចេកជ្វា ##ភ័យរន្ធត់ ##foryou ###fypシ #♬ សំឡេងដើម – ក្ដីស្រឡាញ់❤️️🇰🇭♊