ឈិត សុវណ្ណបញ្ញា ដាច់ភឹងមិនខ្វល់ពីសិល្បៈ សំងំចាយជីវិត Single យ៉ាងស៊ីវីល័យ
ធ្មេចបើកៗរយៈពេលប្រមាណ ២ ឆ្នាំហើយ ដែលតារាចម្រៀង ឈិត សុវណ្ណបញ្ញា ហាក់ស្ងាត់បាត់ឈឹងលើវិថីសិល្បៈ ក្រោយគេសង្កេតឃើញថាបទចម្រៀងចុងក្រោយរបស់នាងចេញនៅក្នុងផលិតកម្មថោន នៅក្នុងឆ្នាំ ២០១៩។
គេចាំបានថា កាលពីអំឡុងឆ្នាំ ២០១៧ កញ្ញា ឈិត សុវណ្ណបញ្ញា បានបញ្ចប់កុងត្រាជាមួយផលិតកម្មរស្មីហង្សមាស ក្រោយជ្រកកោនអស់រយៈពេលមិនក្រោម ១០ ឆ្នាំ និង បានសម្រេចឈានចូលទៅក្នុងផលិតកម្មថោន។ ក្នុងនោះ រយៈពេលប្រមាណ ២ ឆ្នាំ ពោលគឺពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០១៩ កញ្ញា ឈិត សុវណ្ណបញ្ញា ក៏បានចេញបទចម្រៀងល្បីៗផ្ទុះការចាប់អារម្មណ៍ជាច្រើនផងដែរ។
យ៉ាងណាមិញ រហូតដល់ចុងឆ្នាំ ២០២០ គេហាក់សង្កេតឃើញកញ្ញា ឈិត សុវណ្ណបញ្ញា ហាក់ស្ងប់ស្ងាត់ បាត់ឈឹងទាំងការចេញបទចម្រៀង និង ការឡើងឆាកប្រគំតន្ត្រី ដោយគេបានសង្កេតនៅលើគណនីហ្វេសប៊ុករបស់នាងកំពុងចាយជីវិតក្រៅអាជីពសិល្បៈយ៉ាងរីករាយ។
ក្នុងនោះ ការរស់នៅប្រចាំថ្ងៃរបស់តារាចម្រៀងស្រីខាងលើនេះ គេតែងឃើញនាងដើរកម្សាន្តទៅកាន់ក្រៅប្រទេស និង ចាយជីវិតយ៉ាងរីករាយលើគំនរទ្រព្យរបស់ខ្លួនទៀតផង៕