ស្មានមិនដល់ Nychaa សារភាពថាធ្លាប់កើតជំងឺធ្លាក់ទឹកចិត្តស្ទើរមិនអាចស្រោចស្រង់បាន
ជារឿយៗ តារាស្រី Nychaa តែងតែទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនតាមរយៈការសម្តែង និង រូបសម្រស់របស់នាង។ បើងាកទៅមើលពីជីវិតឯកជនរបស់នាងវិញ ពេលនេះនាងក៏កំពុងតែរីករាយជាមួយនឹងការរស់នៅយ៉ាងស៊ីវីល័យ និង ការងារក្នុងក្តីស្រមៃរបស់នាងផងដែរ។
ងាកទៅអតីតកាលរបស់តារាស្រី Nychaa បន្តិចវិញ ដោយតារាស្រីរូបនេះធ្លាប់កើតមានជំងឺបាក់ទឹកចិត្តស្ទើរតែមិនអាចស្រោចស្រង់បានកាលពីអំឡុង ៤-៥ ឆ្នាំមុន។ ក្នុងនោះដែរ នាងក៏បានបញ្ជាក់ពីស្ថានភាពរបស់នាងផងដែរ នៅក្នុងកម្មវិធី Thairath Talk ដោយនាងបានឱ្យដឹងថា នាងចាប់ផ្តើមមានជំងឺបាក់ទឹកចិត្តនៅពេលនាងចាប់ផ្តើមថតរឿងកម្សត់ ២ រឿង ក្រោយពេលសម្តែងចប់ នាងហាក់បីដូចជាមានអារម្មណ៍ថាខ្លួនឯងជាមនុស្សកម្សត់ ស្ងប់ស្ងាត់ ពិបាកចិត្តខ្លាំង ដោយគ្មានមូលហេតុ ទាំងដែលស្ថានភាពគ្រួសារ ការងារ គ្មានបញ្ហាសោះនោះ។
ខណៈពេលដែលនាងកើតមានជំងឺបាក់ទឹកចិត្តនោះ ជីវិតនាងស្ទើរតែស្លាប់រស់ម្តងៗទៅហើយ នាងបានប្រើប្រាស់ថ្នាំជាច្រើនខែឆ្នាំ តែហាក់មិនបានប្រសើរឡើយ រហូតមានពេលមួយនាងបានជួបនឹងមិត្តសិល្បៈម្នាក់បានណែនាំនាងពីរបៀបធ្វើចិត្ត និង ការរំងាប់នូវបញ្ហាក្នុងចិត្ត ដែលកើតមានដោយសារជំងឺនោះ ទើបនាងក៏អាចប្រឆាំងនឹងវាបាន ដោយការគ្រប់គ្រងខ្លួនឯង និង ការរៀនរំសាយនូវបញ្ហាទាំងឡាយ ដែលកើតមានទាំងនោះ ដោយមិនចាំបាច់ទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះនាងបានជាពីជំងឺដ៏សាហាវមួយនេះហើយ ហើយនាងក៏សង្ឃឹមថាអ្នកដែលកើតមានជំងឺនេះដូចនាង សូមកុំបាក់ទឹកចិត្ត ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯង ព្យាយាមទាញសតិខ្លួនឯងគិតអ្វីដែលវិជ្ជមាន ល្អៗ ទើបអាចយកឈ្នះជំងឺនេះបាន៕
ប្រភព៖ Thairath