ប៉ែន ភ័ក្រ្តសុធារិទ្ធ ស្លុតចិត្តពេលឃើញខ្លួនឯងកាលពីមុន ដល់ថ្នាក់ពោលពាក្យធ្ងន់ៗនេះ
លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ គឺជាតារាសម្តែងប្រុសមានឈ្មោះល្បីមួយរូបក្នុងវិស័យខ្សែភាពយន្តខ្មែរ ដោយកន្លងមកនេះលោកបានសាងស្នាដៃតាមរយៈការសម្តែងរឿងជាច្រើន ទាំងរឿងភាគ និង រឿងដុំ ហើយរាល់រឿងដែលលោកបានចូលរួមសម្តែងសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។
ម្យ៉ាងវិញទៀត សម្តែងប្រុសរូបនេះ ត្រូវបានគេចាត់ទុកជាតារាសម្តែងប្រុសមួយរូប ដែលមានកាយសម្បទាមាំមួន រូបរាងស្រស់សង្ហា និង មានទម្រង់មុខខ្មែរ មានមន្តស្នេហ៍យ៉ាងទាក់ទាញ ដែលតាមរយៈរូបរាងសង្ហា និង មុខមាត់អំណោយផលពីធម្មជាតិនេះហើយ ទើបស្ទួយឱ្យលោកក្តោបបានការងារជាច្រើនពីវិស័យសិល្បៈ ។
ដោយឡែក ថ្មីៗនេះ មហាជនលើបណ្ដាញសង្គម មានការចាប់អារម្មណ៍ និង ភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញតារាប្រុសរូបសង្ហានេះបញ្ចេញរូបភាពពីរសន្លឹកផ្ទឹមគ្នា ដែលជារូបភាពចាស់កាលពីមុន និង រូបភាពថ្មីនាបច្ចុប្បន្ន ដោយឃើញថាមានសភាពមុខមាត់ខុសគ្នាខ្លាំងមែនទែន ដែលរូបភាពចាស់របស់លោកមានសម្បុរស្រអែមខ្មៅ ទម្រង់មុខហាក់ស្គមខ្លាំង មិនមានសាច់ឈាមស្រស់ថ្លាដូចនឹងពេលបច្ចុប្បន្ននេះទេ ។
លើសពីនេះ តារាសម្ដែងប្រុសរូបនេះ ក៏បានសរសេរសារភ្ជាប់ជាមួយនឹងរូបភាព ដែលហាក់បង្ហាញពីអារម្មណ៍ហួសចិត្តខ្លាំង ដោយបានពោលពាក្យថា «ស្នាមញញឹមតែមួយ តែពេលវេលាខុសគ្នា ឃើញហើយស្លុតចិត្ត ខ្ញុំខ្ពើមខ្លួនឯង» ។
រូបភាពពីរសន្លឹកផ្ទឹមគ្នារបស់ តារាសម្ដែងប្រុសរូបនេះ បង្ហោះលើបណ្ដាញសង្គមភ្លាម ពិតជាធ្វើឱ្យមហាជនគ្រប់គ្នាភ្ញាក់ព្រើតតែម្ដង ដែលបានសម្ដែងការហួសចិត្ត សឹងតែមិនជឿថារូបរាងរបស់លោក កាលពីមុនមានភាពខុសគ្នាខ្លាំងដល់ថ្នាក់នេះ ៕