ទម្លាយជំនាញពិសេស Kong Thap Peak ដៃគូសម្តែងថ្មីរបស់ Bella ក្រៅអាជីពសិល្បៈ
ទើបតែឈានជើងចូលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ភ្លាម តារាប្រុសវ័យ ១៨ ឆ្នាំ Kong Thap Peak អាចក្ដាប់បានតំណែងតួឯកជាមួយនឹងកំពូលតារាស្រី Bella Ranee បានយ៉ាងងាយស្រួល និង ឆក់បានបេះដូងអ្នកគាំទ្ររាប់លាននាក់។ ក្រោយពីចាប់ដៃគ្នាជាមួយតារាស្រី Bella គេកត់សម្គាល់ឃើញតារាប្រុសរូបនេះ កំពុងតែផ្ទុះប្រជាប្រិយភាពខ្លាំងមួយកម្រិតទៀត។
ជាការពិតណាស់ មិនត្រឹមតែមានសមត្ថភាពសម្ដែងល្អ និង រូបរាងសង្ហា បើងាកទៅមើលការសិក្សារៀនសូត្រ តារាប្រុស Kong Thap Peak ក៏មិនធម្មតានោះដែរ។ ជាពិសេសតារាប្រុសវ័យ ១៨ ឆ្នាំរូបនេះ ចេះជំនាញកីឡាច្រើនប្រភេទណាស់ទាំង កីឡាបាល់ទាត់ ហែលទឹក សុទ្ធសឹងតែស្ទាត់ជំនាញ និង ធ្លាប់ទទួលបានពាន មេដៃកិត្តិយស យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
ជាមួយគ្នានោះ Peak ក៏ធ្លាប់ទៅសិក្សានៅសាលា Sylvia Young Theatre School ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ទៀតផង។ លើសពីនោះតារាប្រុសរូបសង្ហា Peak ក៏ធ្លាប់ចូលរួមប្រកួតកម្មវិធីប្រកួត Produce X 101 ក្នុងប្រទេសកូរ៉េខាងត្បូង និង កម្មវិធី Asia Super Young នៃប្រទេសចិនផងដែរ។
អាចនិយាយបានថាជាតារាវ័យក្មេង ក៏ប៉ុន្តែមានបទពិសោធច្រើន ថែមទាំងជាសិស្សពូកកែទៀត។ ទន្ទឹមនឹងនោះ មានប្រិយមិត្តច្រើនណាស់ដែលអួតសរសើរចំពោះលោក ទោះបីជាពន្លកថ្មីក្នុងសិល្បៈថៃក៏ដោយតែតារារូបនេះប្រឹងអភិវឌ្ឍខ្លួនមិនឱ្យចាញ់តារាជើងចាស់នោះឡើយ៕