ម្នាក់ទៀតហើយ! Lucas សមាជិក NCT ត្រូវគេទម្លាយថាបានល្បួងបោកចិត្តស្រីៗ ឱ្យទិញរបស់ប្រ៊េនឱ្យខ្លួន
អស់ពីមួយចូលមួយ ថ្មីៗនេះ ប្រុសស្អាត Lucas សមាជិក NCT កំពុងតែផ្ទុះអាស្រូវ ត្រូវបានគេចោទប្រកាន់ជាបន្តបន្ទាប់រឿងលោក បានលួងលោមបោកបញ្ឆោតចិត្តស្រីៗ ឱ្យពួកនាងទិញអីវ៉ាន់ប្រ៊េនថ្លៃៗឱ្យខ្លួន ។
បន្ទាប់ពីមាននារីម្នាក់អះអាងថាខ្លួនជាអតីតមិត្តស្រីរបស់ Lucas ហើយត្រូវបានលោកបោកបញ្ឆោតរួចមក ស្រាប់តែនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ក៏មាននារីជនជាតិចិនចំនួន ២ នាក់ទៀត បានចេញមុខមកអះអាងចោទប្រកាន់លោកទៅលើរឿងនេះដូចគ្នា ។
ពួកគេបានឱ្យដឹងថា តាមពិតដំបូងឡើយគេគ្រាន់តែជាអ្នកគាំទ្រធម្មតាប៉ុណ្ណោះ តែ Lucas បានចូលមករកពួកគេក្នុងន័យស្នេហា រួចលួងលោមបោកបញ្ឆោតនាងឱ្យទិញរបស់ល្អថ្លៃៗឱ្យខ្លួន ហើយថែមទាំងបានកុហកថាខ្លួនពិតទាក់ទងតែពួកគេតែម្នាក់គត់ តែតាមពិតទៅលោកបានដើរបោកប្រាស់ស្រីៗជាច្រើននាក់ក្នុងពេលតែមួយតែម្តង ។ ពួកគេបានឱ្យដឹងទៀតថា Lucas បានហៅពួកគេទៅលេងដល់ផ្ទះ រួចថែមបបួលគេផឹកស្រា និង ជក់បារីថែមទៀតផង ។
លោកបាននាំពួកគេជជែកពីនេះពីនោះ រហូតយូរៗទៅលោកក៏បានចាប់ផ្តើមនិយាយមិនល្អពីសមាជិករបស់ខ្លួន ថាគេខ្ជិល មិនចេះស្តាប់ រួចបានលួចការងាររបស់លោកទៀត ។ លោកថែមទាំងប្រាប់ថា គ្រួសាររបស់លោកកំពុងតែជួបការលំបាករឿងលុយកាក់ ព្រោះតែការរកស៊ីរបស់ឪពុកលោកត្រូវបានដួលរលំផងដែរ ។
យ៉ាងណាមិញ ជុំវិញរឿងអាស្រូវមួយនេះ ខាងភាគីផលិតកម្ម ជាទ្រនំរបស់តារាប្រុសរូបនេះ នៅមិនទាន់បានចេញមុខមកបញ្ជាក់បកស្រាយអ្វីនៅឡើយទេ ។ ចំណែកអ្នកគាំទ្រមួយចំនួន ក៏បានបញ្ចេញមតិផ្សេងៗ ទៅតាមការយល់ឃើញរបស់ខ្លួនផងដែរ ប៉ុន្តែការពិតយ៉ាងណានោះ មានតែចាំមើលទៅមុខទាំងអស់គ្នាតែប៉ុណ្ណោះ ៕
ប្រភព៖ ALL KPOP