ធ្ងន់ណាស់លើកនេះ! គ្រប់វីដេអូសម្តែងរបស់ Zhang Zhehan ត្រូវបានគេលុបចោលស្ទើរទាំងអស់
ការផ្ទុះកំហឹងរបស់មហាជនចិន ទៅលើតារាប្រុស Zhang Zhehan រឿងលោកបង្ហោះរូបថតនៅទីកន្លែងសក្ការៈបូជារបស់ជប៉ុន នៅមិនទាន់រលុបស្ងាត់នៅឡើយទេ ដោយគេនៅតែបន្តធ្វើពហិការដាក់ទោសទៅលើលោកជាបន្តបន្ទាប់ ។
លើសពីនេះទៅទៀត អ្វីរឹតតែធ្ងន់នោះគឺ ថ្មីនេះៗស្នាដៃរបស់លោកទាំងប៉ុន្មាន ដែលមានទាំងបទចម្រៀង រឿងភាគល្បីៗ ព្រមទាំងវីដេអូនានាដែលមានវត្តមានលោក គឺត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ចិនសម្រេចលុបចោលស្ទើរទាំងអស់ គ្មាននឹកស្តាយឡើយ ។
បន្ថែមពីនេះ ប៊្រេនផលិតផលធំមួយរបស់ចិន ដែលបានប្រម៉ូដរូបភាពរបស់លោក Zhang Zhehan នៅលើកំប៉ុង ក៏ត្រូវបានគេរំពឹងថា អាចនឹងខាតបង់ទឹកប្រាក់សរុបជាង ១៥ លានដុល្លារឯណោះ ព្រោះផលិតផលរបស់ពួកគេមិនអាចដាក់លក់នៅលើទីផ្សារបានឡើយ ។
យ៉ាងណាមិញ សមាគមសិល្បៈធំប្រចាំប្រទេសចិនក៏បានធ្វើការថ្កោលទោសផាំងៗទៅលើតារាប្រុសរូបនេះផងដែរ ។ មើលទៅកំហុសដ៏ធ្ងន់ធ្ងររបស់លោកលើកនេះ ពិតជាមិនអាចស្រោចស្រង់វិញបានឡើយ ៕
ប្រភព៖ JAYNES STAR