ហ្វេន BTS នៅអាហ្វហ្គានីស្ថាន ត្រូវបង្ខំចិត្តធ្វើរឿងទាំងនេះភ្លាមៗ ព្រោះខ្លាចពួកតាលីបង់
ថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ល្បីរបស់កូរ៉េ JTBC បានឱ្យដឹងថា ក្មេងស្រីៗនៅ Afghanistan ជាពិសេសអ្នកគាំទ្ររបស់ BTS ត្រូវបង្ខំចិត្តលាក់ ឬ ដុតចោលរូបភាព និង អាល់ប៊ុមរបស់ BTS ចោលទាំងអស់ ព្រោះតែខ្លាចពួក Taliban តាមប្រមាញ់ ដោយច្បាប់របស់ពួកគេគឺមិនឱ្យស្តាប់ចម្រៀងបរទេសឡើយ ។
ក្មេងស្រីជាពលរដ្ឋ Afghanistan ម្នាក់បានឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការភ័យខ្លាច និង ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលពួកបានចូលមកគ្រប់គ្រង ។ ខ្ញុំរឹតតែខ្លាចតក់ស្លុតទៅទៀត នៅដឹងថាពួកគេបានចាប់ជំរិតក្មេងស្រី ។ តាំងពីពួកគេចូលមក គឺខ្ញុំនៅតែផ្ទះមិនហ៊ានទៅណានោះទេ សូម្បីតែលបមើលទៅក្រៅបង្អួចក៏ត្រូវប្រយ័ត្នដែរ ។ ខ្ញុំលែងបានឮបទចម្រៀងពីរោះៗនៅតាមផ្លូវទៀតហើយ វាជំនួសវិញដោយចម្រៀងចម្លែករបស់ពួកគេរាល់ថ្ងៃតែម្តង» ។
យ៉ាងណាមិញ ក្មេងស្រីដដែល ក៏បានអង្វរទៀតថា នាងសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយសង្គ្រោះជីវិត Afghanistan ដោយមិនបោះបង់ឱ្យប្រទេសនាងប្រឈមមុខក្នុងរឿងនេះតែឯងឡើយ ៕