ដល់-ក! រឿងមួយមិនទាន់ចប់ផង Kris Wu មកធ្លាយរឿងធ្លាប់លក់របស់ក្លែងក្លាយឱ្យអ្នកគាំទ្រទៀត
តារាប្រុសល្បីរបស់ចិន Kris Wu កំពុងស្ថិតក្រោមការឃុំខ្លួនស៊ើបអង្កេតរបស់តុលាការ ជុំវិញបទខុសច្បាប់ជាង ៩ ករណី ទាក់នឹងអំពើរំលោភសេពសន្ថវៈ ។
យ៉ាងណាមិញ មហាជនមួយចំនួន ពិតមិនអស់ចិត្តចំពោះទង្វើរបស់តារារូបនេះ ក៏បាននាំជីកកាយឡើងវិញនូវរឿងរ៉ាវរបស់លោក ហើយបានរកឃើញថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកបានបំពានច្បាប់ប្រទេស ។ ក្នុងនោះ នៅឆ្នាំ ២០១៦ Kris Wu ក៏ធ្លាប់បានស្ថិតក្រោមការស៊ើបអង្កេតរបស់នាយកដ្ឋានគយ ជុំវិញការនាំចូលផលិតផលក្លែងក្លាយមកក្នុងប្រទេសចិនផងដែរ ។
ព័ត៌មានបានឱ្យដឹងថា ពេលនោះ Kris Wu បានមកពីបរទេសត្រឡប់មក Shanghai វិញ ហើយមន្រ្តីគយប្រចាំប្រទេសចិន ក៏បានរកឃើញថា Kris បាននាំយកកាបូបប្រ៊េន ក៏ដូចជាទំនិញក្លែងក្លាយផ្សេងទៀតជាច្រើនមកជាមួយ ដោយក្នុងបំណងរៀបចំយកទៅលក់ឱ្យអ្នកគាំទ្ររបស់ខ្លួន ។ ក្រោយមក របស់ទាំងនោះត្រូវបានមន្ត្រីគយដកហូតយកទាំងអស់ ហើយពួកគេក៏បានធ្វើជាវីដេអូមួយបង្ហោះជាសារធារណៈថែមទៀតផង ។
យ៉ាងណាមិញ នៅពេលនោះ ដោយសារតែប្រជាប្រិយភាពរបស់ Kris កំពុងតែមានសន្ទុះខ្លាំង រឿងនេះត្រូវបានគេបំបិទយ៉ាងលឿន ហើយវាទើបតែលេចចេញម្តងទៀត នៅពេលដែលលោកបានផ្ទុះអាស្រូវធ្ងន់ធ្ងលើកនេះឯង ៕
ប្រភព៖ JAYNE STARS