គួរឱ្យសរសើរ តារាកូរ៉េ ៤ រូប ហ៊ានសារភាពឥតលាក់លៀមថា ស្រឡាញ់ភេទដូចគ្នា
សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នាទូទៅមួយចំនួន ពិតជាមានការពិបាកណាស់ទៅហើយសម្រាប់ពួកគេ ក្នុងការបើកចំហបញ្ចេញនូវអត្តចរិត ការស្រឡាញ់ ឬ ស្នេហាខុសធម្មជាតិរបស់ពួកគេទៅកាន់សង្គមខាងក្រៅឱ្យគេបានដឹងឮ។
ដោយឡែក បើយើងក្រឡេកមកមើលក្នុងវិស័យ KPOP ឯណេះវិញ ក៏មានតារាប្រុសស្រីមិនតិចដែរ ដែលមានបេះដូងស្រឡាញ់ភេទដូចគ្នា តែគ្រាន់តែអ្នកខ្លះនៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ក្នុងការបើកចំហប៉ុណ្ណោះឯង ព្រោះតែពួកគេជាផ្ទាំងស៊ីប ចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។ ម៉្យាងខ្លាចបង្កឱ្យមានការប៉ះពាល់ដល់ប្រជាប្រិយភាព ព្រមទាំងមុខមាត់របស់ពួកគេផងដែរ។
ទោះបីជាយ៉ាងនេះក្ដី ក៏នៅតែមានតារាមួយចំនួនតូច បានស្តាប់សម្រេចចិត្តធ្វើតាមបេះដូងហ៊ានតស៊ូងើបឈរបើកចំហនូវសម្ពន្ធភាពស្នេហាពិតខុសធម្មជាតិរបស់ពួកគេទៅកាន់សង្គមខាងក្រៅដដែល ដោយមិនខ្វល់ពីការបាត់បង់ប្រជាប្រិយភាព ពោលគឺ ពួកគេប្រើជីវិតរស់ជាខ្លួនឯង។ ខាងក្រោមនេះ គឺជាតារាកូរ៉េប្រុសស្រីមួយចំនួន ដែលបានបើកចំហថាខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា។
១. Jiae
អតីតសមាជិកក្រុម Wassup រូបនេះ កាលពីខែមករា ឆ្នាំ ២០២០ កន្លងទៅ នាងបានបើកចំហយ៉ាងក្លាហ៊ានពីសម្ពន្ធភាពស្នេហារបស់ខ្លួននៅក្នុងបណ្តាញ IG ដោយបានផុសរូបរបស់នាង ព្រមទាំងភ្ជាប់ជាមួយចំណងជើងថា ៖ «ខ្ញុំស្រឡាញ់ទាំងមនុស្សប្រុស និង មនុស្សស្រី តើអ្នកយល់ទេ?» ។ លើសពីនេះទៅទៀត នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ នាងក៏បានបន្តផុសរូបខ្លួនឯង ជាមួយនឹងមនុស្សស្រីម្នាក់ផ្សេងទៀតផងដែរ។ យ៉ាងណាមិញ នាងបានទម្លាយឱ្យដឹងថា នាងបានរងផលប៉ះពាល់ផ្លូវចិត្តមិនតិចឡើយ ពីការខមមិន មើលងាយរើសអើងរបស់ជនអគតិមួយចំនួន ដែលមិនពេញចិត្តនឹងស្នេហារបស់នាង។
២. Aquinas ( Kang Min-soo)
តារាចម្រៀង និង រ៉េបម្នាក់នេះ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ លោកក៏បង្ហាញឱ្យដឹងដែរថា ខ្លួនគឺជាអ្នកដែលស្រឡាញ់ទាំងបុរស និង នារី ដោយបានផុសរូបទង់ដែលតំណាងឱ្យ Bisexuality នៅក្នុងបណ្តាញ IG របស់ខ្លួន។ លើសពីនេះទៅទៀត ជារឿយៗលោកក៏តែងតែផ្ញើសារលើកទឹកចិត្តជារឿយៗទៅកាន់អ្នកដែលស្រឡាញ់ភេទដូចគ្នា ដោយស្ម័គ្រចិត្តជួយពួកគេក្នុងការបើកចំហទៅកាន់សង្គមខាងក្រៅថែមទៀតផង។
៣. Kwon Do-woon
នៅខែតុលា ឆ្នាំ ២០២០ តារាចម្រៀងប្រុសរូបនេះ បានប្រកាសទម្លាយឱ្យដឹងថា លោកក៏ជាអ្នកស្រឡាញ់ភេទដូចគ្នាម្នាក់ផងដែរ។ លោកបានឱ្យដឹងថា លោកបានដឹងពីនិស្ស័យស្នេហាខុសធម្មជាតិរបស់ខ្លួនតាំងពីអាយុ ៧ ឆ្នាំមកម្ល៉េះ ហើយលោកពិតជាមានអារម្មណ៍ធូរស្បើយខ្លាំងណាស់ បន្ទាប់ពីបានបើកចំហយ៉ាងដូចនេះ។ បន្ថែមពីនេះទៅទៀត ៧ ខែក្រោយមក ពោលគឺបន្ទាប់ពីបានប្រកាសជាផ្លូវការថាលោកស្រឡាញ់ភេទដូចគ្នានោះ តារាប្រុសរូបនេះក៏បានប្រកាសម្តងទៀតថា លោកមានសង្សារប្រុស តែដោយសារតែទទួលបានការចាប់អារម្មណ៍ និង មតិមិនសូវល្អពីមហាជនច្រើនពេក ពួកគេក៏បានសម្រេចចិត្តបែកគ្នាតែម្តង បន្ទាប់ពីការប្រកាសបានទើបតែពីរសប្តាហ៍ប៉ុណ្ណោះ។ យ៉ាងណាមិញ លោកក៏បានលើកទឹកចិត្តឱ្យតារាកូរ៉េប្រុសស្រីទាំងក្នុងឧស្សាហ៍កម្មកម្សាន្តរបស់កូរ៉េ ហ៊ានងើបឡើងបើកចំហពីក្តីស្រឡាញ់ពីធម្មជាតិរបស់ខ្លួនផងដែរ។
៤. Som Hein
ស្រីស្រស់អតីតសមាជិកក្រុម Idol School រូបនេះវិញ បានបញ្ចេញឱ្យដឹងជាផ្លូវការថា ខ្លួនជា Bisexual គឺមានចិត្តស្រឡាញ់ទាំងមនុស្សប្រុស និង មនុស្សស្រី តាំងពីឆ្នាំ ២០១៩ មកម៉្លេះ។ នាងក៏បានទម្លាយឱ្យដឹងបន្ថែមថា នាងមានសង្សារស្រីផងដែរ តែគួរឱ្យសោកស្តាយ ពួកគេក៏បានបែកគ្នាទៅវិញ នៅឆ្នាំ ២០២០៕
ប្រភព៖ Scmp