ទម្លាយមូលហេតុដែល Angelina សម្រចចិត្តយក Maddox ធ្វើកូនសំណព្វ
លោក ម៉ោញ សារ៉ាត់ អតីតបុរសដៃស្ដាំរបស់តារាសម្ដែង Angelina Jolie ក្នុងប្រទេសកម្ពុជា ដែលបានជួយរូបនាងក្នុងការទទួល Maddox ធ្វើជាកូនចិញ្ចឹមនោះ បានទម្លាយមូលហេតុ ដែលតារាស្រីល្បីរូបនេះ ជ្រើសរើសយក Maddox ក្នុងចំណោមក្មេងៗកំព្រារាប់រយនាក់នៅកម្ពុជានេះ ។
ថ្លែងប្រាប់សារព័ត៌មាន Dailymail លោក សារ៉ាត់ បានទម្លាយថា «មានក្មេងៗច្រើនណាស់លើពិភពលោក ដែលត្រូវការអ្នកថែទាំ ត្រូវការជីវិតល្អប្រសើរ ។ នៅពេលនោះ Angelina Jolie ចង់ក្លាយជាម្ដាយគេ ប៉ុន្តែនាងបានគិតថា វាប្រសើរជាងប្រសិនបើនាងក្លាយជាម្ដាយរបស់ក្មេងៗមួយចំនួនដែលកំពុងត្រូវការអ្នកថែទាំនោះ ។ ដូច្នេះហើយ បានជានាងសម្រេចចិត្តជ្រើសរើសយក Maddox ជាជាងបង្កើតកូនខ្លួនឯង ។ នេះជាអ្វីដែលខ្ញុំបានឮពីនាង» ។
លោកបានបន្ថែមទៀតថា «គេ (Maddox) ជាក្មេងឆ្លាត រួសរាយ គួរឱ្យស្រឡាញ់ ។ ជាក្មេងដែលតែងតែញញឹមដាក់មនុស្សគ្រប់គ្នា ខុសប្លែកពីក្មេងៗដទៃ ។ ខ្ញុំនៅចាំស្នាមញញឹមគេមិនភ្លេចនោះទេ ។ តាមដែលខ្ញុំបានដឹងពីនាង នៅពេលដែលនាងមកលេងមណ្ឌលកុមារកំព្រា ហើយបានឃើញ Maddox ក្មេងនោះក៏ញញឹមដាក់នាង ហើយងើបឡើងរកនាង ខុសពីក្មេងដទៃដែលគិតតែពីយំ ។ គេបានញញឹមដាក់នាងភ្លាមៗ ដែលស្នាមញញឹមនេះហើយ បានឆក់យកបេះដូងរបស់នាងឱ្យជ្រើសរើសយក Maddox ក្នុងចំណោមក្មេងៗដទៃនោះ» ៕
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២១ Maddox មានអាយុ ២០ ឆ្នាំហើយ ដោយបច្ចុប្បន្នរូបគេ កំពុងតែទទួលការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង ៕
ប្រភព៖ Dailymail