កប់! គ្រាន់តែថតពាណិជ្ជកម្ម ៤ ឈុតសោះ Song Hye Kyo ចំណេញជាង ៣ លានដុល្លារ
ពិតជាមិនធម្មតាឡើយ សម្រាប់តារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសកូរ៉េ Song Hye Kyo ដែលនៅតែទទួលបានប្រជាប្រិយភាព ជាពិសេសគឺ តម្លៃខ្លួនក្នុងការថតសម្តែងថ្លៃមិនចេះតិច បើទោះបីជាស្រីស្រស់រូបនេះ បានប្រឡូកក្នុងសិល្បៈរាប់ឆ្នាំ ហើយមានអាយុកាន់តែជ្រេចូលខ្ទង់ ៤០ យ៉ាងក្តី។
បើតាមសារព័ត៌មានកូរ៉េបានឱ្យដឹង នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កន្លងនេះថា កាលពីឆ្នាំ ២០១៩ ស្រីរូបល្អនេះ បានទាញចំណូលបានរហូត ៧៨៨ ១៨៧ ដុល្លារ ពីការការថតស្ប៉តពាណិជ្ជកម្ម ប៉ុន្តែនៅឆ្នាំ ២០២១ នេះវិញ គឺពិតជាញាក់សាច់តែម្តង ព្រោះត្រឹមតែថត ៤ ស្ប៉តសោះ ស្រីស្រស់ Song Hye Kyo ស្រវាបានរហូតដល់ទៅជាង ៣ លានដុល្លារឯណោះ បានច្រើនជាងកាលពីឆ្នាំ ២០១៩ ទៅទៀត ។
លើសពីនេះទៅទៀត ក្នុងការផុសផ្សព្វផ្សាយឱ្យប៊្រេនណាមួយនៅក្នុងបណ្តាញ IG របស់ខ្លួន តែមួយផុសប៉ុណ្ណោះ នាងនឹងទទួលបានរហូតដល់ ៤៧៧ ៩០០ ដុល្លារថែមទៀតផង ។
យ៉ាងណាមិញ ប្រជាប្រិយភាពរបស់នាង ហាក់មើលទៅនៅមានឥទ្ធិពលមិនទៅណាឡើយក្នុងវិស័យសិល្បៈ ទើបមានប្រ៊េនធំៗជាច្រើនបានស្រវាដណ្តើមនាងយ៉ាងខ្វែងដៃខ្វែងជើងក្នុងការទាញនាងឱ្យធ្វើជាតំណាងផ្សព្វផ្សាយរបស់ខ្លួន ព្រោះស្រីស្រស់រូបនេះអាចធ្វើឱ្យផលិតផលលក់ដាច់ត្រឹមប៉ប្រិចភ្នែកប៉ុណ្ណោះ ៕
ប្រភព៖ Allkpop